ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ចាក់ថា ចំពោះភាពជោគជ័យ របស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡានានា មិនថាជាការប្រកួតមិត្តភាព រវាងខ្មែរនិងខ្មែរ និងព្រឹត្តិការណ៍កីឡាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យដោយកត្តា ចំបងធំបំផុតគឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាសម្រេចបាន ។
ក្នុងឱកាសអញ្ជើញជាធិបតីចូល រួមព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ចាក់ថា នេះជាលើកដំបូង ដែលមានការរៀបចំឱ្យមានការជួបជុំគ្នា ប្រារព្ធពិធី ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អប់អរសាទរ ទិវាសន្តិភាពនៅកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចកាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ ដោយកំណត់ជាផ្លូវការថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំ ជាទិវាសន្តិភាពនៅកម្ពុជា ។
ក្នុងនោះសម្តេចធិបតី កត់សម្គាល់ថា ការចូមរួមយ៉ាងច្រើនកុះករ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនាឱកាសនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីស្រលាញ់កីឡា និងការចូលរួមថែរក្សាសន្តិភាព ដែលបានរំលេច នូវអត្តន័យកីឡារស់នៅក្នុងសន្តិភាពផងដែរ ។
សម្តេចធិបតី មានប្រសាសន៍បន្ថែមថា “ពិតណាស់ថា ជោគជ័យរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែគឺអាស្រ័យដោយកត្តាចំបងធំបំផុត គឺសុខសន្តិភាព និងស្ថិរភាពនយោបាយដែលយើងសម្រេចបាន និងថែទាំបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។ បើសិនជាយើងគ្មានសន្តិភាព សូម្បីតែសមាជិកភាព របស់កម្ពុជា ក្នុងកីឡាអូឡាំពិក ដែលយើងជាសមាជិក តាំងពីឆ្នាំ៥៦ ក៏ត្រូវបានផ្អាក នៅឆ្នាំ១៩៧០ ដល់ឆ្នាំ៩៤ ពេលដែលយើងសង្គ្រាម សមាជិកភាពរបស់យើង ក៏ត្រូវបានផ្អាកផងដែរ”៕