ព័ត៌មានជាតិ

សម្តេចធិបតី ៖ យុវជនខ្មែរ មានសំណាង ខណៈយុវជនបណ្តាប្រទេស កំពុងសង្គ្រាម ពុំមានឱកាស សប្បាយហ៊ោកញ្ជ្រៀវនោះទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកប្រសាសន៍ របស់លោក សៅ សុខា ដែលធ្លាប់បាននិយាយជាមួយសម្តេច កាលពីពេលថ្មីៗនេះ ថា យុវជនខ្មែរសម័យនេះ មានសំណាង ខណៈយុវជននៅបណ្តាប្រទេសមួយចំនួន ដែលកំពុងមានសង្គ្រាម ពុំអាចមានឱកាស សប្បាយរីករាយ និងអាចមកអង្គុយទស្សនាការប្រកួតបាល់ទាត់ ដោយរីករាយដូចជាយុវជនខ្មែរ នាសម័យនេះឡើយ ។

ថ្លែងក្នុងឱកាសអញ្ជើញជាធិបតីចូលរួមព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ចាក់ថានៅបណ្តាប្រទេស ដែលមានសង្គ្រាម យុវជន​នៅក្នុងប្រទេសទាំងនោះ កំពុងតែត្រូវស្លាប់ កំពុងតែត្រូវភ័យខ្លាច កំពុងតែត្រូវគ្រាប់ផ្លោងស្លាប់ ធ្វើឱ្យវេទនាបែកបាក់គ្រួសារ ខណៈយុវជន និងប្រជាជនខ្មែរ កំពុងសប្បាយរីករាយ នៅក្នុងសន្តិភាព នេះហើយដែលថា យុវជនសម័យនេះ មានសំណាង ។

សម្តេចធិបតី មានប្រសាសន៍ថា “នៅម៉ោងនេះ នៅពេលនេះ យុវជនអាយុដូចគ្នានៅប្រទេសមួយចំនួន នៅអ៊ុយក្រែន នៅតំបន់មជ្ឈិមបូព៌ា នៅបណ្តាប្រទេសមួយចំនួនដែលកំពុងច្បាំងគ្នា មិនមានឱកាសអង្គុយទះដៃគាំទ្រកីឡាករដូចយើងទេ តែពេលនេះ កូនខ្មែររបស់យើងនៅទីនេះ ដែលកំពុងតែសប្បាយរីករាយ ទះដៃ តិចទៀតគាំទ្រដល់កីឡាកររបស់យើង កំពុងតែហ៊ោកញ្ជៀវ គេថា សប្បាយរីករាយដោយគ្មានភ័យខ្លាចពីសង្គ្រាម នេះហើយគឺជាភ័ព្វសំណាងរបស់កូនខ្មែរជំនាន់ក្រោយ” ។

បន្ថែមលើនេះ សម្តេចធិបតី​​ បញ្ជាក់ថា ការជួបជុំគ្នា សប្បាយរីករាយទាំងអស់នេះ គឺជាភោគផលនៃសន្តិភាព ដែលអាចផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរទាំងអស់គ្នា អាចហ៊ោកញ្ជ្រៀវរីករាយទាំងអស់ ដោយមិនមានភាពភ័យខ្លាចថា នឹងបាត់បង់នូវសន្តិភាពនោះទេគឺជាភ័ព្វសំណាងរបស់ខ្មែរ ខណៈសម្តេចបញ្ជាក់ថា សំណាងមិនមែនកើតដោយចៃដន្យនោះទេ សំណាងដែលកើតឡើងដោយការលះបង់ ការលះបង់សាច់ស្រស់ ឈាមស្រស់ ការខិតខំលះបង់របស់យុវជន និងថ្នាក់ដឹកនាំជំនាន់មុន៕

To Top