ព័ត៌មានជាតិ

សម្ដេច​តេជោ៖ ជំនឿទុកចិត្ត ក្នុងការអនុវត្តន៍នយោបាយឈ្នះ ឈ្នះ នៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសមួយចំនួន

ភ្នំពេញ៖ ចំថ្ងៃខួប២៦ឆ្នាំ នៃការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ២៩ ធ្នូ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជំនឿទុកចិត្ត ក្នុងការអនុវត្តន៍នយោបាយឈ្នះ ឈ្នះ នៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសមួយចំនួន។

ការលើកឡើងរបស់សម្ដេចតេជោ បែបនេះធ្វើឡើងស្របពេលដែល ការប្រឈមនៃភូមិសាស្រ្តនយោបាយ កំពុងប្រកួតប្រជែងគ្នាយ៉ាងផុសផុល នៅតំបន់អឺរ៉ុប និងមជ្ឈឹមបូព៍ា ព្រមទាំងត្រសៀរមកកាន់តំបន់អាស៊ី ក្រោមលេស ប្រជាធិបតេយ្យ សិទ្ធមនុស្ស និងការរិតត្បិតនយោបាយ។

ក្នុងសំណេរនារាត្រីនៃថ្ងៃដ៏ប្រសិទ្ធ ២៩ ធ្នូ ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារទាំងស្រុងយ៉ាងដូច្នេះថា « ខ្ញុំបានរៀនសូត្រពីឧបនាយករដ្ឋមន្ត្រីទៀ សីហា និងនាយឧត្តមសេនីយ៍ សុខ ភាព លើការអនុវត្តន៍ នយោយឈ្នះ ឈ្នះ។ តាមពិតដូចពួកគាត់ និយាយគឺការធានា ទាំង៣យ៉ាង ពុំមានចែងក្នុងកិច្ចព្រមព្រៀងណាមួយនោះទេ គឺចេញពីសំដីរបស់ ហ៊ុន សែន ផ្សព្វផ្សាយបន្តនិងអនុវត្តជាក់ស្តែង ដោយការជឿទុកចិត្ត ដែលបង្កើតបានសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីរយៈពេល ២៦ឆ្នាំ និងបើរាប់ពីការចាប់ផ្តើម អនុវត្តនយោបាយឈ្នះ ឈ្នះនាដើមឆ្នាំ១៩៩៦មានរយៈពេល២៨ឆ្នាំ»។

សម្ដេចសង្កត់ធ្ងន់ថា «ជំនឿទុកចិត្តក្នុងការអនុវត្តន៍នយោបាយឈ្នះ ឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសមួយចំនួន ដែលតែងតែមានការរំលោភ ពិសេសរំលោភលើកិច្ចព្រមព្រៀង ឈប់បាញ់»។

សម្ដេចបន្ថែមថា «បទពិសោធន៍នៅកម្ពុជាបញ្ចប់សង្រ្គាម ដោយគ្មានកិច្ចព្រមព្រៀង និងលិខិត ផ្លូវការណាមួយជាក់លាក់នោះឡើយ តែបែរជាចេញពីជំនឿទុកចិត្តទៅវិញ» ៕

To Top