ភ្នំពេញ ៖ ថវិកាជាតិឆ្នាំ២០២៥ ត្រូវតែជាថវិកា នៃការបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយ ឆន្ទៈមោះមុតនិង ការប្តូរប្តេជ្ញ ក្នុងការឆ្លងកាត់និងជម្នះ លើរាល់បញ្ហាប្រឈម និងឧបសគ្គផងទាំងពួង ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១របស់រាជរដ្ឋាភិបាល ។ នេះបើតាមសេចក្តីថ្លែងហេតុ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយពីច្បាប់ថវិកាជាតិឆ្នាំ២០២៥ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រមដាក់ ឲ្យប្រើប្រាស់កាលពីពេលថ្មីៗ ។
បើតាមសេចក្តីថ្លែងហេតុ របស់រាជរដ្ឋាភិបាលដដែលគឺថា ក្នុងបរិការណ៍នេះ ថវិកាឆ្នាំ២០២៥ ត្រូវបានគិតគូរនិងរៀបចំឡើង ដើម្បីទ្រទ្រង់និរន្តរភាព នៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្ត នៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹង បរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេច ឲ្យបានជាអតិបរមា នូវគោលដៅជាយុទ្ធសាស្ត្រទាំង៥ ដូច មានចែងក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយ សង្គម សេដ្ឋកិច្ចនៃកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ។
ដោយក្នុងនោះ មនុស្ស ត្រូវបានបន្តកំណត់ ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជា អាទិភាពគន្លឹះ បន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈ ប្រទាក់ក្រឡាគ្នា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងទិសដៅនៃការអភិវឌ្ឍកម្ពុជា ក្នុងដំណាក់កាលថ្មីខាងមុខ ។ ទន្ទឹមនេះ ថវិកាឆ្នាំ២០២៥ ក៏ត្រូវបានរៀបចំឡើង ក្នុងគោលដៅគាំទ្រ ដល់ការបន្តអនុវត្តកម្មវិធីគោល នយោបាយអាទិភាពទាំង៦ ព្រមទាំងវិធានការគន្លឹះទាំង៥ សម្រាប់ដោះស្រាយបញ្ហា ប្រឈមជាអាទិ ភាពមួយចំនួន ដែលត្រូវបានដាក់ ចេញដោយរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញ អង្គលើកដំបូងនៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងសេចក្តីថ្លែងហេតបញ្ជាក់ថា “ដូចនេះថវិកាឆ្នាំ២០២៥ ត្រូវតែជាថវិកានៃការបោះជំហានទៅមុខ យ៉ាងស្វាហាប់ ប្រកបដោយ ឆន្ទៈមោះមុតនិងការប្តូរប្តេជ្ញ ក្នុងការឆ្លងកាត់និងជម្នះលើរាល់បញ្ហាប្រឈម និងឧបសគ្គផងទាំងពួង ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជ រដ្ឋាភិបាល ក្រោមម្លប់នៃសុខសន្តិភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយ ភាពធន់ បរិយាបន្ន និងមានចីរភាព ព្រមទាំងបែងចែកផលនៃកំណើននេះ ប្រកបដោយសមធម៌”។
ចំពោះក្របខ័ណ្ឌ នៃការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ គឺថាក្របខ័ណ្ឌម៉ាក្រូ សេដ្ឋកិច្ច និងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង ជាមួយនឹងការគិតគូរថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ច សកលលោកនិងតំបន់ នឹងបន្តដំណើរលើមាគ៌ាស្តារនិងជំរុញកំណើនឡើងវិញ បន្ទាប់ពីទទួលរង ការប៉ះទង្គិចផ្ទួនៗ ពីវិបត្តិបន្តបន្ទាប់ក្នុងឆ្នាំកន្លងមក ប៉ុន្តែកំណើននេះនៅមិនទាន់ឡើង ដល់កម្រិតសក្តានុពលនៅឡើយ ទោះបីស្ថានភាព នយោបាយ សេដ្ឋកិច្ច និងសង្គម ត្រូវបានរំពឹងទុកថា នឹងកាន់តែមានភាព ប្រសើរឡើងជាមុន៕