ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករណ៍ថា ក្នុងរដូវប្រាំងចាប់ពីខែមករា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៥នឹងមានភ្លៀងកក់ខែច្រើនជាងឆ្នាំ២០២៤។
ការព្យាករណ៍របស់ក្រសួងធនធានទឹកនេះ យោងតាមស្ថានភាពវិវត្ត នៃសីតុណ្ហភាពនៅលើផ្ទៃមហា សមុទ្រប៉ាស៊ីហ្វិក ខាងលិច និង តំបន់អេក្វាទ័រដែលបង្ហាញឲ្យឃើញថា ចាប់ពីខែមករា ដល់ខែឧសភា បាតុភូតឡានីណានឹងថយចុះពី ៦០ភាគរយ មក ៤០ភាគរយ ដោយជំនួសមកវិញនូវបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) ដែលនឹងកើនឡើងពី ៦០ភាគរយ ទៅ ៨០ភាគរយ។
សេចក្តីជូនដំណឹងរបស់ក្រសួងនាថ្ងៃ៣០ ធ្នូនេះឲ្យដឹងថា សម្រាប់រដូវប្រាំងចាប់ពីខែមករា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៥ គឺថាសីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមានឹងទាបជាងមធ្យមភាគច្រើនឆ្នាំ។ ដោយ ឡែកចាប់ពីខែមករា ដល់ដើមខែមីនា នៅតំបន់ខ្ពង់រាបរួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានសីតុណ្ហភាពមធ្យមអប្បបរមា ១៨អង្សាសេ និងមធ្យមអតិបរមា ៣០អង្សាសេ។
សេចក្តីជូនដំណឹងបន្តថា ចំពោះបរិមាណទឹកភ្លៀង មានកម្រិតប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។ ភ្លៀងកក់ខែមានកម្រិតពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៤ ជាមួយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន”។
ដោយឡែក នៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ កម្រិតទឹកភ្លៀងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
សម្រាប់ដើមរដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ ឬសប្តាហ៍ទី២ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៤ ខណៈសីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ ។ ក្នុងនោះបរិមាណទឹកភ្លៀង មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ។
កម្រិតបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរ ជាមួយនឹងរបាយទឹកភ្លៀង ធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏ជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការ ប្រើប្រាស់ទឹកដោយសន្សំសំចែកម្រិតខ្ពស់នៅ៣ខែដំបូងនៃដើមឆ្នាំ២០២៥ ជាពិសេសតំបន់ជនបទដែលនៅឆ្ងាយ ពីប្រភពទឹក។ ជាមួយគ្នានោះ ក៏ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុ ដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៥ ៕