ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនព័ត៌មានស្ដីពី ការប្រុងប្រយ័ត្នការពារសុខភាពពីជំងឺផ្លូវដង្ហើមគ្រប់ប្រភេទ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់។
ថ្មីៗនេះបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន បានផ្សាយព័ត៌មានស្តីពីការផ្ទុះឡើងនៃយូមិនមេតាភ្លឺម៉ូវីរុស «human metapneumovirus (HMPV)» បង្កឱ្យមានជំងឺផ្លូវដង្ហើម។
ក្រសួងសុខាភិបាល បានបានជ្រាបថា វីរុសនេះ បង្កឱ្យមានជំងឺផ្លូវដង្ហើម ដែលមានរោគសញ្ញាស្រដៀង ទៅនឹងជំងឺផ្តាសាយធំ ដូចជា គ្រុនផ្តាសាយ ហូរសំបោរ រលាកបំពង់ក ក្អក កណ្តាស់។ យូមិនមេតាភ្ញីម៉ូវីរុស អាច បណ្តាលជាជំងឺធ្ងន់ធ្ងរលើទារក កុមារ មនុស្សវ័យចំណាស់លើសពី៦៥ឆ្នាំ ឬអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ។ យូមិនមេតាភ្នំម៉ូវីរុស ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ២០០១ នៅប្រទេសហូឡង់ ហើយប្រទេសកម្ពុជាក៏ធ្លាប់រកឃើញ ជំងឺនេះលើកុមារ ក្នុងអំឡុងឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩។
ក្រសួងសុខាភិបាល បន្ដថា នៅកម្ពុជា ដោយសារអាកាសធាតុមិនត្រជាក់ខ្លាំង ជំងឺ នេះមិនសូវធ្ងន់ធ្ងរដូចជំងឺគ្រុនផ្តាសាយធំទេ ហើយកុមារភាគច្រើនបានជាសះស្បើយឡើងវិញ។ អ្នកវិទ្យាសាស្ត្រ បានប៉ាន់ស្មានថាប្រហែល ១០ ទៅ ១២ភាគរយ នៃជំងឺផ្លូវដង្ហើមចំពោះកុមារគឺបណ្តាលមកពីយូមិនមេតាភ្លឺម៉ូវីរុស។ ករណីភាគច្រើនគឺស្រាល ប៉ុន្តែប្រហែលពី ៦ ទៅ ១៦ភាគរយនៃកុមារនឹងវិវត្តទៅជាជំងឺរលាកទងសួត រលាកសួត។