ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួង ស្រេង នារសៀលថ្ងៃទី៣០ ខែធ្នូ ២០២៤នេះ បានចុះពិនិត្យមើល លើការរៀបចំសណ្តាប់ធ្នាប់ ការរក្សាសន្តិសុខ សុវត្ថិភាព ដើម្បីធានាបានថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» ដែលនឹងប្រារព្វធ្វើឡើងនៅ ម៉ោង៣រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតឆ្លងឆ្នាំសាកល២០២៥ នៅមុខបរមរាជវាំង ទទួលបានជោគជ័យ និងបង្កភាពរីករាយជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានចុះពិនិត្យមើលការលក់ដូរ និងសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអាជីករ ក៏ដូចក្រុមហ៊ុនឯកជន ដែលដាក់តាំងលក់ផលិតផលក្នុងស្រុកនិងក្រៅស្រុក តាបស្តង់ជាប់មាត់ទន្លេផងដែរ។
ជាមួយគ្នានោះ លោក ឃួង ស្រេង បានធ្វើការណែនាំឱ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងទាំងអស់ ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ ដោយត្រូវល្បាតជាប្រចាំ នៅក្នុងនិងក្រៅពិធី។ ចំណែកការរក្សាអនាម័យបរិស្ថាន ក៏ជាការងារដែលត្រូវយកចិត្តទុកដាក់ ដោយបានឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម កម្មករប្រមូលសំរាម ធ្វើសកម្មភាពជាប្រចាំ ពោលគឺនៅមុនពិធី អំឡុងពិធី និងក្រោយពិធី សំរាមត្រូវតែស្អាតជានិច្ច។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ឬ «Celebrating Cambodia» នឹងប្រារព្ធឡើងនៅវេលាអស្ដង្គតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសាកល២០២៥។ ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ នៃការអបអរសាទរ ដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាព នៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះ និងការលើកតម្កើន «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។
ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជា ការអបអរសាទរនូវគុណតម្លៃរួមគ្នា ដើម្បីបង្ហាញ «មោទនភាព» ចំពោះបណ្តាសមិទ្ធផល នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាមួយការរក្សាបាននូវ «អត្តសញ្ញាណ» នៃប្រជាជាតិ និងប្រជាជន និង «ការអបអរសាទរ» ដល់ការរួមរស់ជាមហាគ្រួសារខ្មែរតែមួយ។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ គឺផ្តល់ជាវេទិកា និងឱកាសដល់គ្រប់ កោសិកាសង្គម គ្រប់ស្រទាប់វណ្ណៈ គ្រប់សហគមន៍ និងមជ្ឈដ្ឋាន បង្ហាញនូវមោទនភាព ចំពោះអត្តសញ្ញាណរបស់ខ្លួន ក្រោម «ទង់នៃព្រះរាជាណាចក្រកម្ពុជា» ដោយការរួបរួម។
ជាមួយគ្នានេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនិងការរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំថ្មី២០២៤ ចូលឆ្នាំ២០២៥នៅរាជធានីភ្នំពេញ មានរៀបចំប្រគុំតន្រ្តីខ្នាតធំ ចំនួន៤ទីតាំង ក្នុងនោះរួមមាន៖ ១. ក្រុមហ៊ុន Nago World រៀបចំឡើងនៅខាងមុខទីតាំងគាត់តែម្តង មានការប្រគុំតន្រ្តី និងបាញ់កំជ្រួញ។ ២. សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) រៀបចំកម្មវិធីសាទរកម្ពុជានៅបរិវេណមុខវាំង និងទីតាំងជិតនោះ ដោយមានបាញ់កាំជ្រួច។ ៣. ក្រុមហ៊ុនហង្សមាស ប្រគុំតន្រ្តីនៅទីធ្លារសួនច្បារវត្តបុទុមវតី ផ្នែកខាងត្បូង និង៤.ទូរទស្សន៍បាយ័ន មានកម្មវិធីប្រគុំតន្រ្តី នៅជាប់រង្វង់មូលនាងមច្ឆា ត្រើយម្ខាងក្នុងខណ្ឌជ្រោយចង្វាចាប់ពីថ្ងៃទី ២៩-៣០ និង៣១ ឆ្នូ ២០២៤។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នានាវិញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធគិតគូរ និងពង្រឹងដូចកម្មវិធីធំៗ របស់ជាតិកន្លងមកដែរ គឺសំដៅធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលដ្ឋ មកលេងកម្សាន្ត មិនឱ្យមានការបារម្ភអ្វីឡើយ។ក្រៅពី ទីតាំង ខាងលើនៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន ឬ មជ្ឈមណ្ឌលកម្សាន្តឯកជននានា ក៏គេមានកម្មវិធី របស់ខ្លួន ទៅតាមទំហំទីតាំងជាក់ស្តែងរបស់គេដែរ៕