ព័ត៌មានជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក ចង់សហការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ ផលិតបន្ទះសូឡា

ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc បានបង្ហាញចំណាប់អារម្មណ៍ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ តាមរយៈការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក ។

នេះជាការបញ្ជាក់របស់លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិក ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc ក្នុងឱកាសដែលលោក និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។

ក្នុងជំនួបនេះ លោក Chris Larsen នាយកប្រតិបត្តិ បានបង្ហាញអំពីចំណាប់អារម្មណ៍ របស់ក្រុមហ៊ុនខ្លួន ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ក្នុងវិស័យថាមពលកកេីតឡើងវិញ ដោយផ្តោតលើការផលិត បន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញ ទៅកាន់សហរដ្ឋអាមេរិក ។

ជាមួយគ្នានោះ លោក Chris Larsen និងលោកស្រី Lyna Lam ក៏បានលើកឡើង អំពីសកម្មភាពរបស់មូលនិធិពុទ្ធសាសនិកខ្មែរ ដែលបានចូលរួមថែរក្សា និងអភិរក្ស វប្បធម៌ ប្រពៃណីខ្មែរ នៅសហរដ្ឋអាមេរិក តាមរយៈការកសាងវត្តអារាម ពិសេសនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងក៏បានបង្ហាញ ពីបំណងចូលរួមចំណែក ជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជា នៅតាមទីជនបទផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោកនាយកប្រតិបត្តិ ដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពលកកើតឡើងវិញ ជាពិសេសការផលិតបន្ទះថាមពលសូឡា ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ស្របទៅនឹងគោលដៅអាទិភាព របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការប្រើប្រាស់ ថាមពលកកើតឡើងវិញ តាមរយៈការដាក់ចេញគោលដៅ ឈានទៅសម្រេចអព្យាក្រឹតភាពកាបូន នៅឆ្នាំ២០៥០ និងជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យបាន ៧០% នៅឆ្នាំ២០៣០ ដែលបច្ចុប្បន្ននេះកម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញ រហូតដល់ ៦២% រួចហើយ។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ថា ការផ្សារភ្ជាប់ទំនាក់ទំនងរបស់ក្រុមហ៊ុននៅកម្ពុជា នឹងចូលរួមចំណែកបន្ថែមទៀត ដល់ការពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ក៏ដូចជា រវាងវិស័យឯកជន និងវិស័យឯកជន កម្ពុជា-សហរដ្ឋអាមេរិក ផងដែរ។

ក្នុងនោះសម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់កម្ពុជា បន្ថែមទៀត។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា វត្តអារាមមិនត្រឹមតែជាទីជួបជុំសម្រាប់សហគមន៍ខ្មែរប៉ុណ្ណោះទេ ថែមទាំងចូលរួមចំណែក ដល់ការបណ្ដុះបណ្ដាលផ្នែកភាសា និង សិល្បៈ, ការថែរក្សាវប្បធម៌ និងប្រពៃណីខ្មែរ ផងដែរ។

សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តដល់លោក Chris Larsen និងលោកស្រី Lyna Lam ឱ្យបន្តសកម្មភាពដែលគាំទ្រដល់ការថែរក្សា និងអភិរក្ស វប្បធម៌ និងប្រពៃណីខ្មែរ បន្ថែមទៀត និងរីករាយចំពោះបំណង និងសមានចិត្តជួយដល់ការសិក្សាអប់រំរបស់កុមារកម្ពុជា។

សម្ដេចបវរធិបតី បានបង្ហាញអំពីសមិទ្ធផល និងវឌ្ឍនភាពនៃគោលនយោបាយគាំពារសង្គម និងលើកកម្ពស់សុខុមាលភាព របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការពង្រឹងវិស័យសុខាភិបាល ដោយយកចិត្តទុកដាក់ខ្ពស់លើការពង្រីកវិសាលភាព និងពង្រឹងសេវាថែទាំសុខភាពទៅដល់មូលដ្ឋាន នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស, ការអភិវឌ្ឍវិស័យអប់រំ, និងការបង្កើតការងារសំដៅ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផង៕

To Top