ព័ត៌មានជាតិ

ឆ្នាំ២០២៤ ៖ លោក ស សុខា បំពេញទស្សនកិច្ច ៥ប្រទេស ដើម្បីពង្រឹងភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូនសម្ដេចធិបតី

ភ្នំពេញ៖ ពេញមួយឆ្នាំ២០២៤នេះ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបំពេញទស្សនកិច្ចការងារនៅប្រទេសចំនួន៥ ទាំងក្នុង និងក្រៅតំបន់អាស៊ាន ដើម្បីផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ បច្ចេកវិទ្យា កំណែទម្រង់រដ្ឋបាលថ្នាក់ជាតិ និងបញ្ជាក់ពីការ យកចិត្តទុកដាក់ពង្រឹងភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូនសម្ដេចធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ក្នុងវិស័យមហាផ្ទៃ។

ប្រទេសទាំង៥នោះ រួមមាន ៖ វៀតណាម សហព័ន្ធស្វីស អាល្លឺម៉ង់ អូស្ត្រាលី និងចិន។ ក្នុងទស្សនកិច្ចនៅវៀតណាម គឺជាទស្សនកិច្ចលើកដំបូងហើយ គិតចាប់ពីពេលបណ្ឌិត ស សុខា បានចូលកាន់មុខតំណែងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ក្នុងទីក្រុងដាណាំង ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្រ្តីនគរបាល-មហាផ្ទៃ កម្ពុជា-ទ្បាវ-វៀតណាម។ ភាគីទាំង៣ ក៏បានធ្វើបទអន្តរាគមន៍ លើប្រធានបទ ស្ដីពីការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការងារប្រយុទ្ធប្រឆាំង បទល្មើសគ្រឿងញៀនខុសច្បាប់ និងការលើកកម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។

កិច្ចប្រជុំក៏បានអនុម័តសេចក្ដីប្រកាសរួម ផ្ដោតលើការងារសំខាន់៤ ជាអាទិ៍ ការបន្តផ្តល់កិច្ចសហការ និងការសម្របសម្រួលទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ទម្រង់ បន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជំរុញអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងបី ឱ្យបន្តសហការបានជិតស្និទ្ធក្នុងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាព និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន និងបន្តគាំទ្រគ្នាទៅវិញទៅមកលើវេទិកាថ្នាក់តំបន់ និងអន្តរជាតិ។

ចំពោះការបំពេញទស្សនកិច្ចសហព័ន្ធស្វីស និងអាល្លឺម៉ង់មានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា និងជាទស្សនកិច្ចច្រើនថ្ងៃជាងគេ ធៀបនឹងទស្សនកិច្ចផ្សេងៗ។ ទស្សនកិច្ចបានប្រព្រឹត្តទៅដោយ មានការសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលស្វីស និងអាល្លឺម៉ង់ ក្នុងគោលបំណងដកស្រង់បទពិសោធន៍បន្ថែមលើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសទាំង២ ដើម្បីជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។

ទស្សនកិច្ចអូស្ត្រាលីវិញ មានរយៈពេលមួយសប្ដាហ៍ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ លោកគតិបណ្ឌិត បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ សញ្ជាតិ និងពហុវប្បធម៌ និងអនុរដ្ឋលេខាធិការក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី។ ក្នុងជំនួបទាំងពីរនោះភាគីអូស្ត្រាលីបានឯកភាពបន្តបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់មន្រ្តីនគរបាលកម្ពុជា។ ភាគីទាំងពីរបានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ ការជួញដូរមនុស្សជាដើម។

គណៈប្រតិភូកម្ពុជា និងភាគីអូស្ត្រាលី ក៏បានផ្លាស់ប្ដូរព័ត៌មានគ្នា អំពីផែនការសកម្មភាពស្តីពីសន្តិសុខសាយប័រ ដំណើរការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋនៃប្រទេសទាំងពីរ ការប្រមូលវិភាគព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត ការទប់ស្កាត់ការប្រើប្រាស់បច្ចេកវិទ្យាខុសគោលដៅ ដូចជា ថ្នាលទំនាក់ទំនងសង្គម បញ្ញាសប្បនិម្មិត (AI) ការជ្រៀតជ្រែកពីរដ្ឋ និងភ្នាក់ងារបរទេស សំដៅធានា សន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នៅក្នុងប្រទេសទាំងពីរ និងតំបន់។

សម្រាប់ទស្សនកិច្ចនៅចិន មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ បណ្ឌិត ស សុខា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ជាមួយលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន និងបានចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ។

សូមបញ្ជាក់ថា ក្រៅពីទស្សនកិច្ចការងារនៅប្រទេសទាំង៥ បណ្ឌិត ស សុខា ក៏មានកម្មវិធីការងារជាមួយប្រមុខក្រសួងមហាផ្ទៃថៃនៅតំបន់ព្រំដែន និងចូលទៅខេត្តច័ន្ទបុរីផងដែរ ដោយនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត បានអញ្ជើញពិនិត្យទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ដែលនៅទីនោះ មានការអញ្ជើញចូលរួម និងទទួលស្វាគមន៍ពីលោក អនុធីន ឆានវីរៈគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ។

ជារួម ក្រៅពីបំពេញទស្សនកិច្ចនៅក្រៅប្រទេស ពេញមួយឆ្នាំ២០២៤នេះ បណ្ឌិត ស សុខា ក៏បានទទួលជួបពិភាក្សាទ្វេភាគី និងចូលរួមដឹកនាំកិច្ចប្រជុំ ជាមួយប្រមុខក្រសួង ស្ថាប័ននៃបណ្ដាប្រទេសជាមិត្ត ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គការនិងបណ្ដាដៃគូអន្តរជាតិផ្សេងៗដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃផងដែរ។ ជំនួប និងទស្សនកិច្ច ទាំងក្នុងនិងក្រៅប្រទេសនេះ ជាការបញ្ជាក់យ៉ាងច្បាស់ថា ក្នុងនាមសេនាធិការមួយរូបរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត លោកបណ្ឌិត បានបន្តផ្ដល់សារៈសំខាន់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្ត និងអង្គការជាដៃគូ ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងទំនួលខុសត្រូវជូនជាតិ និងប្រជាជនកម្ពុជា លើវិស័យមហាផ្ទៃ ស្របពេលសភាពការណ៍តំបន់ និងពិភពលោកមានការប្រែប្រួលស្មុគស្មាញប្រកបដោយភាពប្រទាក់ក្រឡាដែលទាមទារឱ្យមានយន្តការសហប្រតិបត្តិដោះស្រាយទាំងកម្រិតទ្វេភាគី ពហុភាគី និងជាអន្តរជាតិ៕

To Top