ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាប ក្មេងទំនើងជាង ៥០ករណី ក្នុងខែធ្នូ ចុងឆ្នាំ២០២៤

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តប្រតិបត្តិការបង្រ្កាបករណីក្មេងទំនើងទូទាំងប្រទេសបានជាង ៥០ករណី និងឃាត់ខ្លួនបានក្រុមក្មេងទំនើងបានជិត២០០នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។

បើតាមលោកបណ្ឌិត មូលដ្ឋានដែលមានករណីក្មេងទំនើងត្រូវបានបង្ក្រាបច្រើនជាងគេ រួមមាន រាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង កំពត កំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ កណ្ដាល ពោធិ៍សាត់ ស្វាយរៀង កំពង់ធំ ក្រចេះ និងខេត្តតាកែវ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រុមក្មេងទំនើងដែលសមត្ថកិច្ចបង្ក្រាបបាននោះ បានធ្វើសកម្មភាពជាក្រុមៗ ទាំងទ្រង់ទ្រាយធំ និងតូច ហើយក្នុងចំណោមនោះ ភាគច្រើនត្រូវបានសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ និងកំពុងឃុំខ្លួនក្នុងពន្ធនាគារ។

លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា កិច្ចប្រតិបត្តិការនេះ ក៏កាន់តែសកម្មឡើង បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការបង្ក្រាបក្មេងទំនើង ដោយគ្មានការលើកលែង និងគ្មានការយោគយល់ ពោលដាច់ខាតត្រូវតែដាក់ពន្ធនាគារ។

ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជំរុញបន្ថែមទៀត ឱ្យអាជ្ញាធរ និងនគរបាល បន្តយកចិត្តទុកដាក់បង្ក្រាបករណីក្មេងទំនើង តាមទស្សនៈ ងើបមួយបង្ក្រាបមួយ ងើបពីរបង្ក្រាបពីរ៕

To Top