ព័ត៌មានជាតិ

លោក ឃួង ស្រេង ឱ្យកងកម្លាំងសមត្ថកិច្ច​ យកចិត្តទុកដាក់លើ កិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់​ ក្នុងមិទ្ទិងអបអរសាទរ​ ទិវាជ័យជម្នះ ៧មករា លើកទី៤៦

ភ្នំពេញ៖​ ទិវាជ័យជម្នះ ៧មករា លើកទី៤៦ នៃ (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើមិទ្ទិងអបអរសាទរ នៅព្រឹកថ្ងៃទី៧ មករា ឆ្នាំ២០២៥ នាទីធ្លាមុខសាលមហោស្រពកោះពេជ្រ ដោយមានសមាជិក និងមហាជនចូលរួម ជាង២ម៉ឺននាក់ ខណៈលោក ឃួង ស្រេង ឱ្យអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច​ ត្រូវយកចិត្តទុកដាក់ ពាក់ព័ន្ធកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់​ ក្នុងពេលប្រារព្ធពិធីនេះ ។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរក្នុងពិធីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ធ្នូ២០២៤នេះ បានបើកកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤​ និងកងកម្លាំងមានសមត្ថកិច្ច នៅសាលារាជធានីភ្នំពេញ ។ ពាក់ព័ន្ធកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំពិធី បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករានេះ លោក ឃួង ស្រេង បានឱ្យអាជ្ញាធរ​ និងកងកម្លាំងសមត្ថកិច្ច​ ត្រូវយកចិត្តទុកដាក់ សំដៅធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីនេះ​ ប្រព្រឹត្តទៅបានរលូននិងប្រកបដោយជោគជ័យ​។

លោក ឃួង ស្រេង មានប្រសាសន៍ថា “ពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា យើងជាមន្ត្រីដែលចូលរួម ក្នុងពិធីនេះត្រូវតែមានវិន័យល្អ ជាងប្រជាពលរដ្ឋដែលចូលរួម។ យើងជាមន្ត្រីឬកងកម្លាំងម្នាក់ ដែលចូលរួមក្នុងពិធីនេះម្នាក់ គឺជាអ្នកថែរក្សាសន្តិសុខម្នាក់ ដោយត្រូវចាប់អារម្មណ៍ខ្លាំង​ ទៅលើបញ្ហាសន្តិសុខ បើទោះបីប្រទេសជាតិយើង មានសន្តិភាពពេញលេញក៏ដោយ”។

បន្ថែមលើនេះ លោកអភិបាលរាជធានី បានឱ្យអាជ្ញាធរ ត្រូវបំផុសប្រជាពលរដ្ឋ ឲ្យចងទង់ជាតិនៅមុខផ្ទះរបស់ខ្លួន ជាមួយនឹងការសំអាតអនាម័យបរិស្ថានឲ្យបានល្អ ខណៈទិវាជ័យជម្នះ ៧មករា គឺជាទិវាបុណ្យជាតិ ម។

ឆ្លៀតក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានជំរុញឱ្យអាជ្ញាធរ​ និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវគិតពីសន្តិសុខ ខណៈនៅយប់ថ្ងៃ៣១ធ្នូ ២០២៤ រំលងចូលថ្ងៃទី១មករាឆ្នាំ២០២៥ នឹងមានព្រឹត្តតិការណ៌«សាទរកម្ពុជា»​ ពោលគឺចប់ពិធីភ្លាមប្រជាពលរដ្ឋ ដែលដើរលេងកំសាន្ត នឹងត្រឡប់ទៅផ្ទះព្រមៗគ្នា​ ដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ ដូច្នេះកងកម្លាំងនិងអាជ្ញាធរ ត្រូវសម្រួលចររាចរណ៍ជាមួយនិងការរក្សាសន្តិសុខ សុវត្ថិភាពឱ្យបានល្អបំផុត។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ក៏បានបញ្ជាក់ផងដែរថា សម្រាប់សកម្មភាពក្មេងទំនើងវិញ នៅតែកើតមាននៅឡើយទេ ដូច្នេះនៅចប់ពីបុណ្យឆ្លងឆ្នាំសកលនេះទៅ អាជ្ញាធរខណ្ឌទាំង១៤ ត្រូវប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីរកវិធីសាស្ត្របង្ក្រាបក្មេងទំនើងទាំងនេះ​ ឱ្យដល់ឬគល់ ដោយចាប់ផ្ដើមអនុវត្តពីថ្នាក់ភូមិ សង្កាត់ ព្រោះថាប្រធានភូមិ ចៅសង្កាត់នេះហើយ ជាអ្នកនៅកៀកគិតជាមួយប្រជាពលរដ្ឋ ជាអ្នកដឹងព័ត៌មានពីក្រុមក្មេងទំនើង នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលអាចបង្ក្រាបក្រុមនេះឱ្យដល់ឬសគល់តែម្ដង។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានថ្លែងកោតសរសើរដល់អាជ្ញាធរខណ្ឌទាំង១៤​ មន្ទីរពាក់ព័ន្ធនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលយកអស់កំលាំងកាយចិត្ត រួមសហការគ្នាការពាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យបានល្អប្រសើរ នាថ្ងៃ២៩ធ្នូ២០២៤ ក្នុងព្រឹត្តិការណ៌ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»នាពហុកីឡាដ្ឋានជាតិមរតកតេជោផងដែរ៕

To Top