ព័ត៌មានជាតិ

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លើកទិសដៅអនុវត្តក្នុងឆ្នាំ២០២៥ និងដាក់គោលដៅ៦ចំណុច

កំពង់ធំ: នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំសន្និបាតបូកសរុបលទ្ធលផលការងារ ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារ សម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ផូង វណ្ណ ប្រធានសាលាដំបូង, លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ លោកអនុប្រធានសាលាដំបូង លោក-លោកស្រីព្រះរាជអាជ្ញារង លោក-លោកស្រីចៅក្រម តំណាងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ប្រតិភូគណៈមេធាវីប្រចាំសាលាដំបូងខេត្តកំពង់ធំ ក្រឡាបញ្ជី លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន និងមន្ត្រីទាំងអស់នៃលេខាធិការ រដ្ឋបាលសាលាដំបូងខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះលោក ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ បានលើកទិសដៅអនុវត្ត ក្នុងឆ្នាំ២០២៥មាន៦ចំណុច៖ ១.ស្នើសុំបន្ថែមចំនួនក្រឡាបញ្ជី ។ ២.«ស្នើសុំមន្រី្តអាជ្ញាសាលា» ក្នុងស្ថានភាពដែលមិនមានអាជ្ញាសាលា ដើម្បីសម្រួលដល់ការអនុវត្តកិច្ចការ បញ្ជូនក្នុងរឿងរដ្ឋប្បវេណី និងការជូនដំណឹងក្នុងរឿងព្រហ្មទណ្ឌ នឹងជំរុញឱ្យមានអ្នកអនុវត្តកិច្ចការជំនួស។ មន្ត្រីអនុវត្តកិច្ចការជំនួសនេះ ត្រូវបានជ្រើសតាំងដោយ លោក ព្រះរាជអាជ្ញា (មន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលា) ដោយទទួលការអនុញ្ញាតពីប្រធានសាលាដំបូង។ ៣.រៀបចំគម្រោងថវិកា ដោយបន្ថែមឱ្យបានច្បាស់ពីភាពចាំបាច់ សម្រាប់ពង្រឹងការអនុវត្តក្នុងការដោះស្រាយ សំណុំរឿងឱ្យបានឆាប់រហ័ស និងត្រឹមត្រូវ។ ៤.ជំរុញការដោះស្រាយសំណុំរឿងរដ្ឋប្បវេណី និងសំណុំរឿងព្រហ្មទណ្ឌ ឱ្យបានលឿនឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសសំណុំរឿងអាទិភាពទាំង៣ (គ្រឿងញៀន,ចរាចរណ៍, អត្រានុកូលដ្ឋាន) និងសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើង។ ៥.រៀបចំឱ្យមានជាបទបង្ហាញខ្លីៗ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់។ ៦.ព្យាយាមប្រើប្រាស់វិធីផ្សះផ្សាសម្របសម្រួល ក្នុងសំណុំរឿងរដ្ឋប្បវេណីឱ្យបានច្រើន ដើម្បីកាត់បន្ថយវិវាទ និងថវិកាគូរភាគី ធ្វើឱ្យមានភាពសុខដុមរមនាក្នុងសង្គម ស្របតាមគោលការណ៍ដែលបានដាក់ចេញដោយ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

សូមបញ្ជាក់ផងដែរថា សន្និបាតបូកសរុបលទ្ធលផលការងារឆ្នាំ២០២៤ និងកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៥ លោកប្រធានសាលាដំបូង និងលោកព្រះរាជអាជ្ញា បានប្រគល់នូវប័ណ្ណសរសើរ ជូនដល់លោក-លោកស្រីចៅក្រម លោក-លោកស្រីព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីលេខាធិការរដ្ឋបាលទាំងអស់ ជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងក្នុងការងារ ភារកិច្ចរបស់ខ្លួន កន្លងមក និងបានថតរូបទុកជាអនុស្សាវរីយ៍៕ ដោយ សំនៀង

To Top