ព័ត៌មានជាតិ

អ្នកជំនាញផ្នែកសន្តិសុខសាយប័រ ចែករំលែកគន្លឹះ ៤យ៉ាង សម្រាប់ការពារខ្លួន ពីការប្រើប្រាស់បណ្តាញអ៊ីធើណេត ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ លោក លី វណ្ឌី អ្នកជំនាញខាងសន្តិសុខសាយប័រ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (Cyber Criminology) ដែលតែងតែចែករំលែក នូវចំណេះដឹងជាច្រើន ជុំវិញការប្រើប្រាស់ប្រព័ន្ធអ៊ីធើណេត លើបណ្តាញសង្គម នាពេលកន្លងមក នាដើមឆ្នាំ២០២៥នេះ បានធ្វើការចែករំលែក គន្លឹះ៤យ៉ាង ដើម្បីបង្កើនសុវត្ថិភាព ចំពោះការប្រើប្រាស់បណ្តាញអ៊ីនធើណេត ក្នុងឆ្នាំ២០២៥ ។

គន្លឹះទាំង ៤យ៉ាង ដែលអ្នកជំនាញរូបនេះ ចែករំលែក មាន៖១- ការពារអត្តសញ្ញាណឌីជីថល ២- ស្វែងយល់អំពីបទល្មើសបច្ចេកវិទ្យា ការពារខ្លួន និងចែករំលែកបន្ត ។ ៣- ចែករំលែកព័ត៌មានពិត និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង៤- ពិនិត្យតាមដាន និងរាយការណ៍។

ចំណុចទី១«ការពារអត្តសញ្ញាណឌីជីថល» ត្រូវបានអ្នកជំនាញខាងលើនេះ ចែករំលែកឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម ឬប្រើប្រាស់អ៊ីធើណេតទាំងអស់ ត្រូវតែចេះការពារសុវត្ថិភាពអត្ថសញ្ញាណឌីជីថលរបស់ខ្លួន ដោយធ្វើការការពារគណនីបណ្តាញសង្គមរបស់ខ្លួន គ្រប់កម្មវិធីទាំងអស់ ជាមួយការប្រើប្រាស់លេខសំងាត់ដែលពិបាកទាយ និងបើកមុខងារកម្មវិធី Two Factor Authentication ដើម្បីជាសុវត្ថិភាពបន្ថែម ។ ក្នុងនោះអ្នកជំនាញ ឱ្យការពារព័ត៌មានឯកជនភាព Digital Footprint ដោយជៀសវាងការចែករំលែកព័ត៌មានណា ដែលបញ្ជាក់លម្អិតពីអត្តសញ្ញាណបុគ្គលរបស់ខ្លួន បូករួមទាំងក្រុមគ្រួសារសាច់ញាតិ និងមិត្តភក្តិជាដើម ។ អ្នកជំនាញរូបនេះ ក៏បានណែនាំ ឱ្យបង្កើតសុវត្ថិភាព លើឧបករណ៍បច្ចេកវិទ្យា ដែលយើងប្រើប្រាស់ទាំងអស់ ឧទាហរណ៍ ទូរស័ព្ទ Tablet ឬកុំព្យូទ័រ និង Laptop ជាដើម ត្រូវតែតម្លើងកម្មវិធីកម្ចាត់មេរោគ និងធ្វើបច្ចុប្បន្នភាពប្រតិបត្តិការ និងការពារទិន្ន័យដែលបានផ្ទុកនៅក្នុងឧបករណ៍ទាំងអស់ ។

ចំណុចទី២ «ស្វែងយល់អំពីបទល្មើសបច្ចេកវិទ្យា ការពារខ្លួន និងចែករំលែកបន្ត» អ្នកជំនាញណែនាំ ឱ្យអ្នកប្រាស់បណ្តាញអ៊ីធើណេត ទាំងអស់ ត្រូវសិក្សាស្វែងយល់អំពីប្រភេទបទល្មើសឌីជីថលអ៊ីនធើណេត តាមរយៈអាជ្ញាធរមានសមត្ថកិច្ច អ្នកជំនាញ ឬភាគីពាក់ព័ន្ធ ដែលធ្លាប់បានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ដើម្បីជាទស្សនទានក្នុងការចែករំលែកបន្ត និងការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះ នៃបទល្មើសទាំងនោះ ។

ចំណុចទី៣ «ចែករំលែកព័ត៌មានពិត និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ» ត្រូវបានអ្នកជំនាញ ណែនាំឱ្យធ្វើការចែករំលែកនូវព័ត៌មានពិត ព័ត៌មានដែលផ្តល់នូវអត្ថប្រយោជន៍ គុណតម្លៃសម្រាប់សង្គមជាតិ និងចូលរួមសហការជាមួយភាគីពាក់ព័ន្ធ ដែលមានអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រយុទ្ធប្រឆាំនូវព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញ៉ង់ ឬព័ត៌មានដែលបង្កឱ្យមានការរើសអើងជាដើម ។

ចំណុចទី៤ «ពិនិត្យតាមដាន និងរាយការណ៍» គឺអ្នកជំនាញ លោក លី វណ្ឌី ឱ្យធ្វើការពិនិត្យតាមដាន នូវបទល្មើស ព្រឹត្តិការណ៍ ដែលបង្កអន្តរាយទៅដល់សន្តិសសុខ សណ្តាប់ធ្នាប់សង្គម ឬក៏ជាប្រភេទបទល្មើសពាក់ព័ន្ធផ្សេងៗ ហើយត្រូវធ្វើការរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបង្ការ និងបង្ក្រាបឱ្យទាន់ពេលវេលា និងចូលរួមនៅក្នុងការកសាងនូវគុណតម្លៃ ចែករំលែកនូវព័ត៌មានពិត ជាចំណេះដឹងជូនដល់សង្គម ដើម្បីកសាងធនធានមនុស្សហើយ និងជំរុញក្លាយជាមនុស្សសម្រាប់សហការចូលរួមកសាងសង្គមជាតិ ទាំងលើវិស័យអប់រំ វិស័យសេដ្ឋកិច្ច សុខាភិបាល និងវប្បធម៌ ។

យ៉ាងណាមិញនេះជាទស្សនទានផ្ទាល់ខ្លួន របស់លោក លី វណ្ឌី ក្នុងនាមជាអ្នកជំនាញមួយរូប និងមានបទពិសោធន៍ជាច្រើនជុំវិញផ្នែកសន្តិសុខសាយប័រ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យា តែនៅមានវិធីសាស្ត្រ និងគន្លឹះជាច្រើនផ្សេងទៀត ដែលទាមទារឱ្យអ្នកប្រាស់បណ្តាញអ៊ីធើណេត បន្តសិក្សារស្វែងយល់បន្ថែមផងដែរ៕

To Top