ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការវាយតម្លៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងសេវាសង្គមរបស់រដ្ឋបាលឃុំ

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ ការវាយតម្លៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងសេវាសង្គមរបស់រដ្ឋបាលឃុំ ។

លោកអភិបាលខេត្ត បានលើកឡើងថា រដ្ឋបាលខេត្តបើកកិច្ចប្រជុំថ្ងៃនេះ ដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃ ការដាក់ពិន្ទុប្រឡងប្រណាំង ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការបម្រើសេវាសង្គមរបស់រដ្ឋបាលឃុំ សង្កាត់ ដើម្បីធ្វើការកំណត់ចំណាត់ថ្នាក់ នូវឃុំ សង្កាត់ ទទួលបានជ័យលាភី ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រសម្រាប់ការប្រឡងប្រណាំងនេះ ក្នុងឆ្នាំ ២០២៥ ។

លោកអភិបាលខេត្ត បានរំលឹកផងដែរថា ការអនុវត្តឆ្នាំ ២០២៤ កន្លងទៅ បន្ទាប់ពីរដ្ឋបាលខេត្តបានផ្សព្វផ្សាយហើយ គឺខាងឃុំ សង្កាត់ អនុវត្តការងារពេញលេញបានត្រឹមតែ ៤ ខែប៉ុណ្ណោះ ដូច្នេះលទ្ធផលក្នុងការដាក់ពិន្ទុនោះ អាចមានបញ្ហាឆកល្វែង ដែលត្រូវធ្វើការពិនិត្យបំពេញបន្ថែម កែសម្រួលនូវចំណុចខ្វះខាត ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តត្រូវមានវិធីសាស្ត្រតាក់តែងឲ្យបានល្អ សម្រាប់ឱ្យឃុំ សង្កាត់អនុវត្តបន្តក្នុងឆ្នាំ ២០២៥ នេះ ដើម្បីឲ្យឃុំ សង្កាត់ ខិតខំធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីផលប្រយោជន៍បានមកដល់ប្រជាពលរដ្ឋ និងឃុំ សង្កាត់ របស់ពួកគាត់ ៕

To Top