ព័ត៌មានជាតិ

រកឃើញនាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ២រូប ពាក់ព័ន្ធអំពើស៊ីសំណូក ជាថ្នូរមិនបង្ក្រាបបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា រកឃើញ លោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៊ីន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធអំពើស៊ីសំណូក ជាថ្នូរមិនបង្ក្រាបបទល្មើសគ្រឿងញៀន ៧គីឡូក្រាម និងល្បែងស៊ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត។

ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីមន្ត្រីនគរបាលយុត្តិធម៌ បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ពាក់ព័ន្ធនឹងនាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។

កងរាជរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ហើយយោធិននៃកងរាជអាវុធហត្ថ ត្រូវតែបានអប់រំ និងត្រូវតែអនុវត្តទិសស្លោកនេះឱ្យខ្ជាប់ខ្ជួន ដើម្បីជាគំរូក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ប្រសិនបើបុគ្គលណាមិនគោរព ត្រូវតែទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន។

ជាក់ស្តែង កងរាជអាវុធហត្ថ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រកឃើញបុគ្គលពាក់ព័ន្ធនឹងបទល្មើសឃាតកម្ម និងបទល្មើសគ្រឿងញៀន ចំនួន ៤នាក់ ហើយតាមការស្តាប់ចម្លើយជនសង្ស័យទាំងនោះ ក៏ឈានដល់ឃាត់ខ្លួននាយទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន ២រូប ដែលពាក់ព័ន្ធនឹងអំពើស៊ីសំណូក និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត។

សូមរំលឹកថា នាយអាវុធហត្ថខេត្តតាកែវ ទាំង៣នាក់ខាងលើ ត្រូវបានឃាត់ខ្លួនដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើប្រទេស កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ អាវុធហត្ថដែលត្រូវបានយកទៅសួរនាំ ទី១៖វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, ទី២៖អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកត្រាំកក់ និងទី៣៖ អនុសេនីយ៍ត្រី ស៉ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនខេត្ត៕

To Top