ភ្នំពេញ៖ ថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ គឺជាខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ទន្ទឹមនឹងនេះ អ្នកជំនាញខាងកិច្ចការអន្តរជាតិ និងភូមិសាស្រ្ត នយោបាយបានគូសបញ្ជាក់ថា ថ្ងៃ៧ មករា គឺជាថ្ងៃដែលមានអត្ថន័យ ជាប្រវត្តិសាស្រ្ត សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយជាសច្ចភាព ប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាមើលឃើញថា “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ជាថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជា ក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដ៏មានអត្ថន័យជាប្រវត្តិសាស្រ្ត សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧ មករា” គឺអ្នកនោះបដិសេធការរស់រាន មានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន ។ អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
សម្រាប់លោកបណ្ឌិត គិន ភា អ្វីដែលកម្ពុជាអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិ ក្នុងការស់រានមានជីវិតក៏គ្មានផង។ ក៏ប៉ុន្តែសព្វថ្ងៃនេះ កម្ពុជាមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធិគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។
រីឯផ្នែករូបវ័ន្តវិញ អ្វីៗដែលយើងបានឃើញនៅពេលនេះ រួមមាន ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំរីកដូចផ្សិត ភាពស៊ីវិល័យនៃជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋជាដើម គឺមិនមែនជាការប្រទានរបស់អាទិទេពទេ តែវាកើតឡើងពីការខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ។
សម្រាប់ការអភិវឌ្ឍវិញ លោកបណ្ឌិតលើកឡើងថា តើនៅសម័យកាលណា ដែលអាចឃើញភ្នំពេញមានការរីកចម្រើនបែបនេះ។ ភ្នំពេញឥឡូវរីកធំ មានសំណង់អាគារ ស្កឹមស្កៃច្រើនស្អេកស្កះ មហាវិថី រុក្ខវិថី និងផ្លូវតូចធំខ្វាត់ខ្វែង និងភ្លើងពណ៌ដ៏ស្រស់ឆើតឆាយបំភ្លឺរាត្រី។ ម្យ៉ាងទៀត យើងមើលឃើញអំពីការ រីកចម្រើននៃសេដ្ឋកិច្ចយើង។
ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺយើងនឹងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០។ កម្ពុជា ដែលពីមុនជាប្រទេស ត្រូវទទួលរងការហ៊ុមព័ទ្ធ និងឯកោទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងធ្វើសមាហរណកម្មខ្លួ នយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។
ទាំងអស់នេះ គឺជាសូចនាករ ដែលអាចវាស់វែងបានអំពីការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ដូច្នេះ ថ្ងៃ៧ មករា ជាសច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ, ចងចាំពីស្ថាបនិក ៧ មករា ដែលជាទេវតារំដោះជាតិ និងប្រជាជន, អ្នកស្តារ កសាង និងអភិវឌ្ឍជាតិ, ត្រូវចងចាំពីទស្សនវិជ្ជាឯកភាព ផ្សះផ្សា និង បង្រួបបង្រួមជាតិ, ត្រូវចងចាំបិតាស្ថាបនិកសន្តិភាព និងចារឹកទុកនូវវប្បធម៌សន្តិភាព យូរអង្វែងតទៅមុខទៀត ។
ចំណែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចភាពមួយដែលគេមិន អាចប្រកែកបាន ផ្ទុយមកវិញបើមិនទទួលស្គាល់សច្ចភាពនៃប្រវត្តិសាស្ត្រនេះទេ មានន័យថាយើងបានប្រមាថ ជនជាតិខ្មែរដែលបានស្លាប់ ទៅរាប់លាននាក់ និង ក៏ជាការប្រមាថអាយុជីវិតអ្នកដែលបានរស់រានមានជីវិត ក៏ដូចជាប្រមាថទៅដល់អ្នក ជួយសង្គ្រោះជីវិត របស់ប្រជាជនខ្មែរផងដែរ ។
លោកបណ្ឌិតបន្ថែមថា ហេតុនេះហើយ ប្រជាជនកម្ពុជាត្រូវតែចាត់ទុកថ្ងៃ៧ មករា គឺជាថ្ងៃដែលត្រូវតែចងចាំ ជាសច្ចភាពនៅក្នុងប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបាន និងជាមេរៀនសម្រាប់ជាតិខ្មែរ ត្រូវធ្វើយ៉ាងណាបញ្ចៀសកុំឱ្យព្រឹត្តិការណ៍នេះកើតមានឡើងជាថ្មីម្ដងទៀតនៅក្នុងសង្គមកម្ពុជា៕