ព័ត៌មានជាតិ

សម្តេចតេជោ៖ ដល់ពេលត្រូវកសាងច្បាប់ កំណត់ជន ឬក្រុមណា បង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរក្នុងសង្គម និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ

ភ្នំពេញ៖ ឆ្លងកាត់ពេលវេលាជាង៥០ឆ្នាំ នៃការបម្រើជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យរួមគ្នាពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាព ដែលរកបានមកដោយលំបាកបំផុត និងបានសង្កត់ថា ដល់ពេលត្រូវកសាងច្បាប់ កំណត់ចំពោះជនណា ឬ ក្រុមណា ដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ។

ការលើកឡើងរបស់សម្តេចតេជោ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីជារឿងៗ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស តែងតែបង្កការអុជអាល មួលបង្កាច់រាជរដ្ឋាភិបាល និងញុះញង់ឱ្យប្រជាពលរដ្ឋ មានការភ័ណ្ឌច្រឡំ ជុំវិញបញ្ហាព្រំដែនកន្លងមក ដែលទង្វើទាំងអស់នេះ បានជះផលអវិជ្ជមានជាខ្លាំង ទៅដល់ការអភិវឌ្ឍ សង្គមនិងសេដ្ឋកិច្ចកម្ពុជាផងដែរ។

ថ្លែងក្នុង​ឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធី មីទ្ទិញអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ( ០៧.០១.១៩៧៩ – ០៧.០១.២០២៥ ) នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា សន្តិភាព និងការផ្សះផ្សា គឺជាបញ្ហាចម្បងរបស់ពិភពលោក ខណៈពេលសង្គ្រាមកំពុងតែឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅតាមតំបន់មួយចំនួន ដោយពាក់ព័ន្ធនឹងតួអង្គប្រកបដោយសក្តានុពលជាច្រើន ដែលគម្រាមកំហែងដល់អរិយធម៌មនុស្សជាតិ។ ក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងថា ប្រជាជនដែលរស់នៅក្នុងតំបន់សង្គ្រាមកំពុងស្រែកដង្ហោយ រកសន្តិភាពដែលត្រូវធ្វើឱ្យបាត់បង់ទៅ ដោយមិនដឹងថាសន្តិភាពនឹងកើតមានវិញនៅពេលណាឡើយ។

ក្នុងនោះសម្តេចតេជោ ​មានប្រសាសន៍ថា “សម្រាប់កម្ពុជាយើង ទោះបីយើងមានសន្តិភាពពេញលេញ ២៦ ឆ្នាំមកហើយក្តី ក៏សន្តិភាពនៅតែជាបញ្ហា បច្ចុប្បន្នភាពក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ក្នុងពេលដែលនៅតែមានពួកជ្រុលនិយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរ នូវនយោបាយសតិអារម្មណ៍ជ្រុលនិយម មកលើសង្គមជាតិយើង សំដៅ អុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាល ស្របច្បាប់ ដែលនោះគឺ ជាការគម្រាមកំហែងពិតដល់សន្តិភាព”។

ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្ស កម្ពុជាដឹងច្បាស់ណាស់ អំពីសារៈសំខាន់ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព នៅពេលដែលគ្មានសន្តិភាព នោះមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ អាស្រ័យហេតុនេះ សម្តេចតេជោ បានឱ្យទាំងអស់គ្នា ពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះ ឱ្យគង់វង្សជារៀងដរាបលើទឹកដីមាតុភូមិដ៏កម្សត់មួយនេះ ហើយមិនអនុញ្ញាតដាច់ខាតឱ្យជនណា ឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ” ខ្ញុំយល់ថាវាដល់ពេលហើយ ដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬ ក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើតចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខ ក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាភេរវករ ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។ ព្រមជាមួយនោះ យើងក៏ត្រូវយល់ឱ្យបានច្បាស់ថា សន្តិភាពនឹងមិនអាចគង់វង្សបានយូរអង្វែងឡើយ ប្រសិនបើពុំមានការផ្សះផ្សាជាតិ យុត្តិធម៌ និង ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្នទេនោះ”៕

To Top