ភ្នំពេញ៖ ក្នុងពិធីមីទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧.០១.១៩៧៩ – ៧.០១.២០២៥) នាថ្ងៃ៧ មករានេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងរំឭកការដឹងគុណជានិច្ច ចំពោះប្រទេសវៀតណាម ក្នុងការមកជួយរំដោះប្រទេសចេញពីរបបប៉ុលពត។
សម្តេចតេជោបានថ្លែងបន្តថា “នៅក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងរំឭកជាថ្មីនូវការដឹងគុណ ជានិច្ចចំពោះប្រទេសវៀតណាម ថ្នាក់ដឹកនាំវៀតណាម ដែលបានជួយដល់ការកសាងកងទ័ពកម្ពុជា និងការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន មកជួយរំដោះកម្ពុជាឱ្យរួចផុតពី របបប្រល័យពូជសាសន៍ ប៉ុល ពត។ សូមថ្លែងការដឹងគុណជានិច្ចចំពោះ សហគមន៍អន្តរជាតិ ក្នុងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងប្រទេសជាមិត្តរបស់កម្ពុជា ហើយបាននិងកំពុងបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដើម្បីបុព្វហេតុសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍របស់កម្ពុជា” ។
សម្តេចតេជោមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល ៤៦ ឆ្នាំកន្លងទៅនេះ សម្តេច គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលស្ថិតនៅជាមួយប្រជាជនជានិច្ច និងបន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសេចក្តីសុខរបស់ប្រជាជន និងវឌ្ឍនភាពរបស់ ប្រជាជាតិខ្មែរ។ សម្តេចក៏អំពាវនាវដល់អង្គការ ចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់រូប ជនរួមជាតិ បណ្តាគណបក្សនយោបាយ និងគ្រប់មជ្ឈដ្ឋានចម្រើនជឿនលឿនទាំងអស់ ត្រូវពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួម សកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗច្រើនថែមទៀត ក្នុងឆ្នាំ២០២៥នេះ៕