ភ្នំពេញ៖ ក្នុងនាមជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានដឹកនាំប្រទេសប្រមាណជាជិត ៤០ឆ្នាំ សម្តេតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងការកោតសរសើរ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដែលបានឡើងកាន់តំណែង ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ ក្នុងការដឹកនាំប្រទេសសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។
ក្នុងពិធីមីទ្ទីញរំឭកខួបលើកទី៤៦នៃទិវាជ័យជម្នះ ៧ មករា (៧.០១.១៩៧៩ – ៧.០១.២០២៥) នាព្រឹកថ្ងៃ៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា “ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ដែលជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗ យ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១របស់ខ្លួន”។
ក្នុងនោះសម្តេចតេជោ បានលើកឡើងពីទិដ្ឋភាពជាក់ស្តែងថា គឺមានសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ត្រូវបានការពារយ៉ាងគត់មត់ , សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចជាតិសម្រេចបាន កំណើនក្នុងរង្វង់ ៦%, អត្រាប្តូរប្រាក់មានស្ថិរភាព, អតិផរណាស្ថិតក្នុងកម្រិតទាបដែលអាចគ្រប់គ្រងបាន, ស្ថានភាពការងារ និងជីវភាពប្រជាជនក៏មានស្ថិរភាព។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាល បានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាតិ និងពង្រឹងឯករាជ្យ ខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹក ដែលនឹងត្រូវស្ថាបនារួចរាល់នៅឆ្នាំ ២០២៨ ខាងមុខ។
សម្តេចអតីតនាយករដ្ឋមន្រ្តីកម្ពុជាក៏បានថ្លែងអះអាងថា រាជរដ្ឋាភិបាលក៏បានប្រកាសដកខ្លួន ចេញពីកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដើម្បីរក្សាសន្តិភាពជូនប្រជាជន ឯកិច្ចសហប្រតិបត្តិការទូទៅរវាងប្រទេសទាំង៣ នៅតែត្រូវបានបន្តពង្រឹង ពង្រីកជាធម្មតា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើត មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្តោយព្រំដែន ដែលនឹងផ្តល់សារៈប្រយោជន៍ ដល់ការអភិវឌ្ឍតំបន់ព្រំដែន និងការការពារបូរណភាពទឹកដី។
សម្តេចតេជោក៏បានសរសើរចំពោះទឹកចិត្តស្នេហាជាតិ ដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើសកម្មភាពរួមគ្នាក្នុងមហាចលនាជាតិ ផ្តល់ការគាំទ្រពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ៊្វូណនតេជោ, ការដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA និងការបង្កើតមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលបានធ្វើឱ្យបរាជ័យនូវ ឧបាយកលរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែល ប៉ុនប៉ងប្រើប្រាស់បញ្ហាទាំងនេះ ដើម្បី បង្កអស្ថិរភាពនយោបាយ និងការបែកបាក់ជាតិ។
ជាមួយគ្នានោះ សម្តេចតេជោបន្តថា នៅចុងឆ្នាំ២០២៤ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំជា អន្តរជាតិប្រកបដោយជោគជ័យចំនួន៤ គឺ (១) កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) , (២)មហាសន្និបាតសន្និសីទអន្តរជាតិនៃ បណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP12th) , (៣)សម័យប្រជុំពេញអង្គ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP11th) និង (៤) កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន។ តាមរយៈកិច្ចប្រជុំទាំងនេះ បានលើកស្ទួយថែមទៀតនូវ កិត្យានុភាពរបស់កម្ពុជា ប្រទេសជាច្រើនបានទទួលយកនូវ មេរៀនពិសោធន៍ដ៏មានតម្លៃបំផុតរបស់កម្ពុជា។ ឈរលើមូលដ្ឋានតថភាពនេះ បានបញ្ជាក់ច្បាស់ថា ការសម្រេចចិត្តរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា ក្នុងការផ្ទេរ អម្រែកដឹកនាំទៅឱ្យអ្នកដឹកនាំវ័យក្មេងបន្តវេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីធានានិរន្តរភាពជាតិ ធានា សន្តិភាព និងការអភិវឌ្ឍយូរអង្វែង៕