ភ្នំពេញ ៖ លោកបណ្ឌិតគី សិរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច បានសម្លឹងឃើញថា ការប្រកាស របស់ថ្នាក់ដឹកនាំធនាគារជាតិ ចំពោះការផ្ទេរ អ្នកជាប់កម្ចីជាមួយម្ចាស់បុរីទៅគ្រឹះស្ថានធនាគារ នឹងជួយសម្របសម្រួលវិស័យ អចលនទ្រព្យឡើងវិញ ព្រមទាំងកាត់បន្ថយបន្ទុក របស់ប្រជាពលរដ្ឋ ជាអ្នកជាប់កម្ចីផងដែរ។
ការលើកឡើង របស់អ្នកសេដ្ឋកិច្ចនេះ បន្ទាប់ពីអគ្គទេសាភិបាល នៃធនាគារជាតិកម្ពុជា លោកស្រី ជា សិរី ក្នុងជំនួបជាមួយ រដ្ឋមន្រ្តី ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង វិស័យអចលនទ្រព្យ និងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កាលពីថ្ងៃ៣ មករា បានប្រកាសថា អតិថិជន ដែលបានជាប់កម្ចីជាមួយម្ចាស់បុរី (ទិញផ្ទះបង់រំលស់) ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលទៅគ្រឹះស្ថានធនាគារវិញ ក្នុងអាត្រាការប្រាក់ទាបជាង ។ បានន័យថា ធនាគារនឹងសងលុយ ទៅម្ចាស់បុរី ជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសង បំណុលទៅឲ្យធនាគារវិញ ក្នុងលក្ខខណធូរស្រាលជាងមុន ។ កិច្ចសម្របសម្រួលនេះ នឹងជួយម្ចាស់បុរី ដែលជាប់គាំងទុនបង្វិល បានលុយដុំមកវិញ ដើម្បីបន្តការអភិវឌ្ឍរបស់ពួកគាត់ ហើយក៏នឹងជួយអតិថិជន ឲ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរ ជាងរហូតដល់២៥ឆ្នាំ ឬ៣០ឆ្នាំ។
លោកបណ្ឌិតគី សិរីវឌ្ឍន៍បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៦ មករាថា “ចំពោះយន្តការនេះ ខ្ញុំយល់ថា ជាយន្តការមួយជួយសម្របសម្រួល ឲ្យវិស័យអចនទ្រព្យមានដំណើរការឡើងវិញផង និងកាត់ បន្ថយបន្ទុក របស់ពលរដ្ឋដែលជាប់បំណុលជាមួយនឹងបុរីដែលកំពុងតែជាប់គាំង ។ ហើយការប្រាក់ដែលបង់រំលស់ជាមួយបុរី គឺជាការប្រាក់ខ្ពស់ដែលជាបំណុលមិន ស្ថិតនៅក្រោមការគ្រប់គ្រង របស់ធនាគារជាតិ និងក្រោមការគ្រប់គ្រង របស់វិស័យធនាគារ ដែលគោលនយោបាយ របស់រាជរដ្ឋាភិបាល បានដាក់ចេញ នៅក្នុងវិស័យធនាគារ ដើម្បីជួយ សង្គ្រោះបញ្ហា ការដោះស្រាយបញ្ហា ដែលមានការកើនឡើង នូវការប្រាក់នេះ ត្រូវអាក់ខាន ឬក៏ត្រូវបានរារាំងមិន អនុវត្តតាម ដោយសារមិនស្ថិត នៅក្រោមច្បាប់ធនាគារជាតិ” ។
លោកបណ្ឌិតក៏បាន មើលឃើញនូវយន្តការ របស់អ្នកពាក់ព័ន្ធ ដែលជួយសម្រួល ដល់អ្នកជាប់កម្ចី ជាមួយធនាគារជាតិ ទៀតថា គឺជាយន្តការគន្លឹះដ៏ល្អមួយ ដែលឲ្យពលរដ្ឋបង់ការ ប្រាក់ទាបជាងមុន លក្ខខណ្ឌទទួលបានឥណទាន ក៏បានល្អប្រសើរជាងមុន ផងដែរ ។ លោកថា ជាពិសេសបានដោះស្រាយនូវរាល់វិបត្តិនានា ដែលម្ចាស់បុរីបានជាប់គាំងទុន។
សូមបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាលនិងវិស័យ ឯកជន បានសម្រេចបន្ធូរបន្ថយការប្រាក់ លើកម្ចីសម្រាប់ការ អភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យមកត្រឹម ៨% ក្នុងមួយឆ្នាំ៕