ព័ត៌មានជាតិ

លោក ទូច សុឃៈ៖ កម្ពុជា នឹងបណ្តេញជនជាតិប៉ាគីស្ថាន និងណេប៉ាល់ទៅប្រទេសកំណើត បើរកឃើញចូលមកខុសច្បាប់

ភ្នំពេញ៖ ជនជាតិប៉ាគីស្ថាន និងណេប៉ាល់ជិត៦០នាក់ ដែលបាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាន់រីសត ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃ ៥ មករា ដោយផ្ទុះការតវ៉ាទៅនឹងមេកាជនជាតិចិនបង្ខំឲ្យ ធ្វើការគ្មានថ្ងៃឈប់សម្រាក ត្រូវបានលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃអះអាងថា អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវ តែបើក្នុងករណីរកឃើញថា ពួកគាត់មកធ្វើការនៅកម្ពុជាដោយខុសច្បាប់ នឹងត្រូវបណ្តេញចេញពីកម្ពុជា ។

លោក ទូច សុឃៈបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៨ មករាថា ករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ចំនួន៥៧នាក់ បាននាំគ្នារត់ចេញពីកាស៊ីណូអូរស្មាន់រីសត ក្នុងខេត្តឧត្តរមានជ័យ ក្រោយមេការជនជាតិចិន ឲ្យធ្វើការគ្មានថ្ងៃឈប់សម្រាកនោះ ត្រូវស្នងការនគរបាលខេត្តបានបញ្ជូនពួកគាត់ ទៅស្នាក់ការនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រចាំខេត្តសៀមរាបដើម្បីបន្តនីតិវិធី ។

លោកបន្តថា បើតាមច្បាប់របស់កម្ពុជា គឺសមត្ថកិច្ចជំនាញនឹងធ្វើការត្រួតពិនិត្យ ទៅលើឯកសារពួកគាត់អំពីការចូលមកកម្ពុជានេះ ស្របច្បាប់ត្រឹមត្រូវឬអត់? ថាតើពួកគាត់មកបម្រើការងារ នៅក្រុមហ៊ុនកាស៊ីណូខាងលើនេះ មានសៀវភៅការងារសម្រាប់ជនបរទេស តើវិសារជាវិសាអ្នកទេសចរណ៍ ឬអ្នកមកធ្វើការងារ ឬក៏គ្មានលិខិតឆ្លងដែនជាដើម នឹងត្រូវពិនិត្យទៅលើចំណុចទាំងនេះ ។

លោកគូសបញ្ជាក់ថា “បើសិនជាឃើញថា មិនមានដូចអ្វីដែលលើកឡើងនេះទេ គឺបានន័យថា ខុសច្បាប់ ។ ខុសច្បាប់គឺបញ្ជូនចេញពីប្រទេសកម្ពុជាយើង ។ ប៉ុន្តែបើសិនជាអ្នកណាដែលមាន លក្ខខណ្ឌដូចដែលបានលើកឡើងខាងដើមនេះ អាហ្នឹងយើងពិនិត្យបន្តទៀតជូនទៅ សមត្ថកិច្ចពាក់ព័ន្ធដោយសារពួកគាត់ផ្ទុះជាអាទិករ (បាតុកម្ម) កើតឡើងដូចជាទាមទារនូវគេហៅថា ម៉ោងសម្រាក ឬក៏ថ្ងៃឈប់សម្រាក ពោលគឺលក្ខខណ្ឌការងារនឹងពិនិត្យបន្តទៀត” ។

សូមបញ្ជាក់ថា កាលវេលាម៉ោង១៤និង៤០នាទី ថ្ងៃ៥ មករា មានបុគ្គលិកជនជាតិបរទេសរបស់ក្រុមហ៊ុនក្នុងកាស៊ីណូ «អូរស្មាច់រីសត» ចំនួន៥៧នាក់ ក្នុងនោះជនជាតិប៉ាគីស្ថាន៥៣នាក់ (ស្រី២នាក់) និងណេប៉ាល់៤នាក់ បានធ្វើការតវ៉ា និងនាំគ្នាដើរចេញពីក្រុមហ៊ុន ហើយត្រូវបានកម្លាំងនៃ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចុះទៅសម្របសម្រួល និងនាំពួកគាត់ទាំង៥៧នាក់ មកស្នងការដ្ឋានដើម្បីសាកសួរ។

ជនជាតិបរទេសទាំងនោះបានមកធ្វើការនៅកម្ពុជា ក្នុងក្រុមហ៊ុនមួយនៅខេត្តព្រះសីហនុរយៈពេលពី ២-៣ខែមកហើយ ដោយមិនទទួលបានប្រាក់ខែនោះទេ និងត្រូវបានក្រុមហ៊ុនបញ្ជូនពួកគាត់ឲ្យមក ធ្វើការនៅក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្ដរមានជ័យវិញ។ប៉ុន្តែមកធ្វើការនៅក្រុមហ៊ុន ក្នុងកាស៊ីណូអូរស្មាច់រីសតនេះបាន១០ថ្ងៃ ត្រូវអ្នកគ្រប់គ្រងជនជាតិចិន (មិនស្គាល់ឈ្មោះ) បង្ខំឲ្យពួកគាត់ធ្វើការគ្មានថ្ងៃសម្រាក និងដោយភ័យខ្លាចថាខ្លួនមិនបានទទួលប្រាក់ខែ ដូចក្រុមហ៊ុននៅឯខេត្តព្រះសីហនុ ទើបពួកគាត់នាំគ្នាតវ៉ា ហើយដើរចេញពីក្រុមហ៊ុន ដោយក្នុងដៃមានកាន់ដំបងឈើ ក្នុងគោលបំណងតវ៉ាឲ្យ មានពេលឈប់សម្រាកគ្រប់គ្រាន់ ខ្លះចង់បន្តការងារនៅកន្លែងដដែល ខ្លះចង់ទៅធ្វើការនៅក្រុមហ៊ុន ក្នុងខេត្តព្រះសីហនុ ខ្លះទៀតចង់ត្រឡប់ទៅប្រទេសកំណើតវិញ៕

To Top