ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឱ្យត្រៀមរៀបចំ សន្និបាតស្មៀនទូទាំងប្រទេស

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

បើតាមលោកបណ្ឌិត ទូច សុឃៈ បច្ចុប្បន្ន កម្ពុជាមានឃុំ សង្កាត់ សរុបចំនួន១.៦៥២។ កម្ពុជាចាប់ផ្ដើមមានក្រុមប្រឹក្សាឃុំ សង្កាត់ បំពេញការងារជាប្រវត្តិសាស្រ្ត ចាប់ពីឆ្នាំ២០០២ ពោលគឺបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី១។ ស្មៀនឃុំ សង្កាត់ ត្រូវបានតែងតាំងឱ្យទៅបំពេញការងារមុនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិដំបូង ចូលបំពេញការងារមកម្ល៉េះ។

គួរកត់សម្គាល់ថា ក្រសួងមហាផ្ទៃ បានលម្អិតអំពីតួនាទី ភារកិច្ច និងសិទ្ធិរបស់ស្មៀនឃុំ សង្កាត់ ក្នុងប្រកាស ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០១។ ស្មៀនឃុំ-សង្កាត់ តែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានតួនាទីធានាជួយកិច្ចការមេឃុំ ចៅសង្កាត់ឱ្យប្រព្រឹត្តទៅស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពោលគឺមិនមែនឱ្យមេឃុំ ចៅសង្កាត់ រ៉ាប់រងការងារតែឯកឯងនោះឡើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបន្ថែមថា ការតែងតាំងស្មៀនក្ដី ការប្រគល់សិទ្ធិទាំងស្រុងឱ្យប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំដោយខ្លួនឯងក្ដី សុទ្ធតែជាមរតកលទ្ធផលនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល គ្រប់នីតិកាល ជាពិសេសក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលមានសម្ដេចក្រឡាហោម ស ខេង ជាសេនាធិការលើវិស័យមហាផ្ទៃ។

ដោយសារស្មៀនជាតួអង្គសំខាន់មួយនៅគ្រប់ឃុំ សង្កាត់ នេះហើយ ទើបបានជានៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានបន្តបង្កើនការយកចិត្តទុកដាក់ លើការបំពេញការងាររបស់ស្មៀន តួយ៉ាងមានសន្និបាតខាងមុខជាទឡ្ហីករណ៍។ នេះបើតាមការបន្ថែមពីលោកបណ្ឌិត ទូច សុឃៈ៕

To Top