ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានច្រានចោទចំពោះការចោទប្រកាន់ របស់ក្រុមអ្នកនយោបាយជ្រុលនិយម មួយចំនួនដែលរត់ចោលស្រុកថា រាជរដ្ឋាភិបាលនៅពីក្រោយឃាតកម្មលោក លឹម គឹមយ៉ា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសថៃ គឺជាការចោទប្រកាន់ទាំងងងឹតងងើ ដោយគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ។
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-09_10-12-15.jpg)
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-09_10-12-12-1024x683.jpg)
លោក ប៉ែន បូណា មានប្រសាសន៍នាថ្ងៃ៩ មករាថា គឺឲ្យតែមានអ្វីកើតឡើងមិនថាជាអំពើឃាតកម្ម បែកបាក់ផ្ទៃក្នុង ក្នុងគ្រួសាររបស់ខ្លួន រួមទាំងគ្រោះថ្នាក់ចរាចរ ឬក៏ការវាយគ្នាអ្វីក៏ពួកគេចោទប្រកាន់រាជរដ្ឋាភិបាលដែរ ។ នេះហើយគឺជាជំនាញរបស់ពួកគេក្នុងការបំផ្លើសបំផ្លៃការពិត ។ ដូច្នេះគ្មានអ្វីចម្លែកនោះទេ រឿងកើតឡើងលើទឹកដីគេសោះ បែរជាមកភ្ជាប់ជាមួយរាជរដ្ឋាភិបាលទៅវិញ ។
ជាក់ស្តែងករណីភ្ជាប់ឃាតកម្ម នៅប្រទេសថៃមកលើរាជរដ្ឋាភិបាលនោះ លោកគូសបញ្ជាក់ត្រឡប់ទៅកាន់ពួកគេថា “ដោយចោទប្រកាន់ថា មានរាជរដ្ឋាភិបាលនៅពីក្រោយអីចឹង គឺជាការចោទប្រកាន់យ៉ាងងងើ ដោយគ្មានភស្តុតាង ដោយគ្មានមូលដ្ឋានអីទាំងអស់ គឺជានិយាយតាមទំនើងចិត្ត តាមទំលាប់ដែលពួកគេតែងតែធ្វើកន្លងមក យើងដឹងហើយថា ក្រុមនេះតាំងពីច្រើនទសវត្សមកហើយ រឿងអីតិចតួចក៏ដោយក៏ពួកគេនិយាយ ភ្ជាប់ទៅនឹងរឿងនយោបាយដែរ” ។
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-09_10-12-10-790x1024.jpg)
សម្រាប់ការចោទប្រកាន់មកលើរាជរដ្ឋាភិបាលនេះ ក្នុងនាមជាអ្នកនាំពាក្យលោកគូសសង្កត់ធ្ងន់ថា គឺជាអំពើខុសច្បាប់រំលោភបំពានសិទ្ធិសេរីភាព កិត្តិយសរបស់អ្នកដទៃជាថ្មីទៀតដែលសបញ្ជាក់ថា ការចាត់វិធានការទៅលើពួកគេកន្លងមកជារឿងត្រឹមត្រូវ ។
លោកបន្តថា ដោយសារតែអំពើល្មើសច្បាប់ របស់ពួកគេជាប្រព័ន្ធនេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រអស់ជំនឿទុកចិត្តទៅលើពួកគេ ហើយងាកមករួមរស់ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-09_10-12-17-1024x566.jpg)
សូមបញ្ជាក់ថា លោក លឹម គឹមយ៉ា ភេទប្រុស កើតឆ្នាំ១៩៥១ ជនជាតិខ្មែរ សញ្ជាតិបារាំង ត្រូវបានខ្មាន់កាំភ្លើងជនជាតិថៃឈ្មោះ Ekkalak Pheanoi ជាអតីតនាវិកយោធា ស្នាក់នៅ ផ្ទះលេខ ៩៩៩ ផ្លូវសាប់វុធ សង្កាត់បាងណានឿ ខណ្ឌបាងណា ទីក្រុងបាងកក បាញ់សម្លាប់កាលពីវេលាម៉ោង១៧ និង៤៥នាទីល្ងាចថ្ងៃ៧ មករា នៅចំណុចផ្លូវ ១៣ហាង សង្កាត់ប៊ូរិន និវេទវិហារ ខណ្ឌព្រះនគរ ទីក្រុងបាងកក ប្រទេសថៃ។
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-09_10-12-22-1024x768.jpg)
ក្រោយធ្វើសកម្មភាព ជនសង្ស័យបានរត់គេចខ្លួនពីទីក្រុងបាងកក ធ្វើដំណើរឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនកម្ពុជា។ ផ្អែកតាមសំណូមពរស្នើសុំកិច្ចសហការ និងព័ត៌មានដែលបានផ្តល់ដោយនគរបាលភូមិន្ទថៃ នគរបាលជាតិកម្ពុជាបានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី៨ មករា វេលាម៉ោង១៣ និង៥០នាទី សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរកឃើញ និងឃាត់ខ្លួនជនសង្ស័យ នៅចំណុចភូមិព្រៃស្វាយ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជនសង្ស័យនឹងត្រូវបញ្ជូនទៅ ថៃវិញ តាមសំណូមពររបស់នគរបាលភូមិន្ទថៃស្របតាមច្បាប់ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)