ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា ជួយពង្រឹងឯករាជ្យភាពខាងនយោបាយកម្ពុជា

ស្វាយរៀង៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាឱកាសអញ្ជើញជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) ដោយមានការអញ្ជើញចូលរួមពី លោក WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនង យ៉ាងស្អិតល្មួតរវាងកម្ពុជា និងមិត្តចិន ហើយនឹងបន្តរឹតបន្តឹងចំណងមិត្តភាព ទំនាក់ទំនងការទូតមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងការសម្រេចឱ្យបាននូវ ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់ និងពង្រឹងទំនុកចិត្តផ្នែកនយោបាយ ដែលកសាងឡើងដោយថ្នាក់ដឹកនាំមុនៗ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «លើសពីនេះ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយ ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង មិនត្រឹមតែបានជួយរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង»។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួលេខ នៃការកើនឡើងរបស់គម្រោងវិនិយោគ ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្ត របស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងកត្តាសំខាន់ៗដូចជា៖ (១)កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច (២)លក្ខខណ្ឌល្អប្រសើរនៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និង (៣)ការបើកចំហសេដ្ឋកិច្ច ទទួលការវិនិយោគស្ទើរលើគ្រប់វិស័យ ជាពិសេសភាពអំណោយផលនៃលក្ខខណ្ឌ និងការលើកទឹកចិត្តវិនិយោគ ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការដាក់ឱ្យប្រើប្រាស់ ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ជាថ្នាលបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោង វិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជី គម្រោងជាទម្រង់ឌីជីថល ផងដែរ និងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធនាពេលខាងមុខ និងបានលើកទឹកចិត្តវិនិយោគិនទាំងអស់ដែលមានបំណង ស្នើសុំដាក់ពាក្យចុះបញ្ជីគម្រោងវិនិយោគថ្មី ឬគម្រោងពង្រីកគម្រោងវិនិយោគ របស់ខ្លួនដែលបានចុះបញ្ជីស្រាប់នៅ ក.អ.ក. ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីភាពងាយស្រួល និងចំណេញពេលវេលា៕

To Top