ព័ត៌មានជាតិ

លោក ឃួង ស្រេង ៖ គ្រឹះស្ថានសិក្សាជាឆ្អឹងខ្នងដ៏រឹងមាំ របស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាល ធនធានមនុស្ស

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស ។

ក្នុងឱកាសអញ្ជើញបិទ សន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារ ឆ្នាំសិក្សា ២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស និងបានស្នើឱ្យលោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពន្យល់សិស្សានុសិស្ស ឱ្យបានយល់ពីតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក ដើម្បីចូលរួមរក្សាសន្តិភាពនេះ ឱ្យបានគង់វង់ ។

ជាមួយគ្នានេះ លោក ឃួង ស្រេង ក៏បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ ចូលរូមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការចូលរួមចលនាប្រលងប្រណាំង ការរៀបចំសំអាត អនាម័យ បរិស្ថាននៅតាមសាលារៀនអនុវត្តឱ្យបានល្អផងដែរ។

ក្នុងនោះលោក ឃួង ស្រេង ក៏បានលេីកឡេីង សម្រាប់ឆ្នាំ២០២៥នេះតទៅ សាលារៀនរដ្ឋ នឹងមានកញ្ចប់ថវិកាសំរាប់បង់ថ្លៃសំរាម ខណៈពីមុននៅតាមសាលារៀនបានជំពាក់បំណុលថ្លៃប្រមូលសំរាម តែត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ លុបបំណុលនេះរួចរាល់ ។

តាមការលេីកឡេីង របស់លោក ឃួង ស្រេង គិតមកដល់ពេលនេះ មានអ្នកដែលបានបង់ថ្ងៃសំរាមមានចំនួនប្រមាណ៦០ទៅ៧០ភាគរយប៉ុណ្ណោះ ដែលធ្វើឱ្យខាតបង់ ក្នុងការបង់សំរាមឱ្យទៅក្រុមហ៊ុនប្រមូលសំរាម សំណល់រឹង។

លោក ឃួង ស្រេង គូសបញ្ជាក់ថា បើការបង់សំរាមពីសំណាក់ប្រជាពលរដ្ឋ បាន១០០ភាគរយ នោះនឹងមិនខាតបង់ក្នុងការបង់ថ្លៃសំរាម ទៅឱ្យក្រុមហ៊ុនទាំង៣ឡើយ ហើយក៏អាចដោះស្រាយ ដោយមិនឱ្យនៅតាមសាលារដ្ឋបង់ថ្លៃសំរាមដែរ ។ គ្រឹះស្ថានសិក្សារដ្ឋ មិនមែនជាកន្លែងធ្វើអាជីវកម្ម ដូច្នេះមិនអាចរកលុយបង់ទឹក បង់សំរាមបានទេ ដែលត្រូវតែរួមគ្នាជួយលើបញ្ហានេះ។

យោងតាម លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរ អប់រំយុវជននិង កីឡារាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេល១ថ្ងៃកន្លះនៃអង្គសន្និបាតរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ សំរេចបានលទ្ធផល ចំនួន៦ចំណុចលើ៦វិស័យ ក្នុងនោះរួមមាន៖ ១ អនុវិស័យ ការអប់រំកុមារតូច ប្រធានបទ៖ ការពង្រឹងអភិបាលកិច្ចសាលាមត្តេយ្យសិក្សា។ ២ អនុវិស័យ ការអប់រំបឋមសិក្សា ប្រធានបទ ៖ ការអនុវត្តការសិក្សាពេញមួយថ្ងៃ ដោយប្រើប្រាស់មូលនិធិ សមធម៌ មាតាបិតាសិស្ស ដើម្បីលើកកម្ពស់គុណភាពសិក្សានៅ កម្រិតបឋមសិក្សា។

៣ អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស ប្រធានបទ៖ ជំរុញការចូលរួមរបស់មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ សម្រាប់មធ្យមសិក្សា។ ៤ អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ ប្រធានបទ ៖ បរិវត្តកម្មការអប់រំជនពេញវ័យ។ ៥ អនុវិស័យ ការអភិវឌ្ឍយុវជន ប្រធានបទ៖ យុវជនមាន ចំណេះដឹង ជំនាញ សីលធម៌ល្អ សុខភាពល្អ សមត្ថភាពគ្រប់គ្រាន់ជាពលរដ្ឋល្អ និងជាពលរដ្ឋឌីជីថល សម្រាប់សតវត្សទី២១ និង៦ អនុវិស័យ ការអប់រំកាយ និងកីឡា ប្រធានបទ ៖ ការជំរុញចលនាយុវជនម្នាក់ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជិវីត៕

To Top