ភ្នំពេញ ៖ កម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចសហការរៀបចំកិច្ចប្រជុំ «បណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍ លើកទី២» ជាមួយគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ហៅកាត់ UN-ESCAP ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffle Le Royal រាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ មានការអញ្ជើញជាអធិបតីដោយ លោក ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងលោកJo Scheuer តំណាងគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ហៅកាត់ UN-ESCAP ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងប្រតិភូមកពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេស Papau New Guninea តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលប្រមាណ៨០រូប។
លោក ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះអង្គការងារ UN-ESCAP និង អង្គការ Vital Strategies ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចប្រជុំនេះជាមួយនឹង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា។ កិច្ចប្រជុំជាលើកទី២នេះពិតជាមានសារៈសំខាន់សម្រាប់ប្រទេសចូលរួមទាំងអស់ ក្នុងការចែករំលែក និង ទទួលយកនូវ បទពិសោធន៍ទៅវិញទៅមក ដើម្បីយកទៅអភិវឌ្ឍន៍ដំណើរ ការចុះបញ្ជីអត្តសញ្ញាណកម្ម នៅប្រទេស របស់ខ្លួនឱ្យបានកាន់តែប្រសើរ។
សម្រាប់ប្រទេសកម្ពុជា បានកំណត់នូវអាទិភាពលើការងារ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជារួមគឺក្របខ័ណ្ឌ នៃកំណែទម្រង់ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មសម្រាប់រយៈពេលវែង – ក្នុងនោះរួមមាន (១) ការបង្កើតឡើង នូវអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មនៅ ឆ្នាំ២០១៤ ដែលប្រមូលផ្តុំការងារជំនាញពាក់ព័ន្ធគ្នា ឱ្យស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងតែមួយ (២) ការដាក់ឱ្យ អនុវត្តផែនការ យុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (ឆ្នាំ២០១៧-២០២៦) របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម សំដៅសម្រេចឱ្យបាននូវគោលដៅ បុគ្គល គ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ” និង “បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ” និង (៣) ការប្រកាសឱ្យ ប្រើប្រាស់ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។
ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រកម្ពុជា ដែលមានអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជាសេនាធិការ បាននិងកំពុងរៀបចំតាក់តែង នូវលិខិតបទដ្ឋាន គតិយុត្តិ នៅក្រោមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មចំនួនជាង២០ ដើម្បីធានាឱ្យការ អនុវត្តច្បាប់ទទួលបានប្រសិទ្ធភាពខ្ពស់។ សមិទ្ធផលថ្មីដ៏មានសារសំខាន់ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីការងារអត្រានុកូលដ្ឋាន និងជាផ្នែកមួយនៃការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្ម ដែលបង្ហាញឱ្យឃើញពីការ ប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចគោលដៅតំបន់ និងគោលដៅសកល (ដូចមានចែងក្នុងផែនការសកម្មភាព នៃគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់ការចុះបញ្ជី អត្រានុកូលដ្ឋាន (UN-ESCAP) និងក្របខណ្ឌផែនការ សកម្មភាពតំបន់ ស្តីពីស្ថិតិអត្រានុកូលដ្ឋាន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ)។
បើតាម លោកអគ្គនាយក រាជរដ្ឋាភិបាលកម្ពុជា បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំ ក្នុងការបន្តជំរុញ និងពង្រឹងការអនុវត្តកំណែ ទម្រង់ការងារអត្តសញ្ញាណកម្ម។ ជាក់ស្តែងទាំង “កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល សម្រាប់ការកសាង និងការ ការពារមាតុភូមិ ២០២៣-២០២៨” និងទាំង “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល បានផ្តល់អាទិភាពលើការជំរុញ ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម និងច្បាប់ស្តីពីអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យសម្រេចបានជោគជ័យដូចការគ្រោងទុក៕