ព័ត៌មានជាតិ

ព្រឹទ្ធសភា អនុម័តលើសេចក្តី ស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភាកម្ពុជា

ភ្នំពេញ ៖ ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ អង្គប្រជុំបានដំណើរការ ដោយមានរបៀបវារៈតែមួយគឺពិនិត្យ និងអនុម័តលើសេចក្តី ស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភាកម្ពុជា ដោយសំឡេងគាំទ្រ ចំនួន ៥៩សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី១៤ មករា ។

សេចក្តីប្រកាសឱ្យដឹងទៀតថា ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំជាវិសាមញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិក ព្រឹទ្ធសភាចូលរួមចំនួន៥៩រូប ។

ក្នុងអង្គប្រជុំព្រឹទ្ធសភា នាថ្ងៃនេះ បានដំណើរការ ដោយមានរបៀបវារៈតែមួយ គឺពិនិត្យ និងអនុម័ត លើសេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភាកម្ពុជា ។ ក្នុងនោះបានអនុលោម តាមប្រការ៨២ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភាបច្ចុប្បន្ន សមាជិក សមាជិកា ព្រឹទ្ធសភាចំនួន២៣រូប បានស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា។ ការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងនេះ គឺផ្អែកលើគោលការណ៍នីតិកម្ម នៃការរៀបចំបទប្បញ្ញត្តិគតិយុត្ត ដែលឆ្លើយតបយ៉ាងសមស្រប ទៅនឹងតួនាទីរបស់ព្រឹទ្ធសភាដែលជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ។

សេចក្តីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងនេះ មាន១៧ជំពូក ចែកចេញជា ៨៩ប្រការ ដោយបានចែងលម្អិតអំពី «នីតិវិធីនៃសម័យប្រជុំ និងសកម្មភាពផ្សេងៗ នៃព្រឹទ្ធសភា ព្រមទាំង រចនាសម្ព័ន្ធ និង យន្តការនានានៃព្រឹទ្ធសភា និងវិធានផ្ទៃក្នុងមួយចំនួន» ។ ការរៀបចំបទប្បញ្ញត្តិនេះ ក៏ធ្វើឱ្យមានភាពងាយ ស្រួលយល់ និងមានលំដាប់លំដោយ ប្រទាក់ក្រឡាគ្នា ពីបទប្បញ្ញត្តិ មួយទៅបទប្បញ្ញត្តិមួយ និង មានព័ត៌មានគ្រប់គ្រាន់ ដែលអាចដឹងបានយ៉ាងឆាប់ រហ័សនូវទំនាក់ ទំនងជាមួយបទដ្ឋានគតិយុត្តផ្សេងទៀត ។

សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការទទួលខុសត្រូវខ្ពស់របស់ព្រឹទ្ធសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងដើម្បីធានានូវការអនុវត្តមុខងារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសឱ្យស្របទៅនឹង បរិបទនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចសង្គម ការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យា និងដើម្បីឆ្លើយតបទៅ នឹងទស្សនវិស័យវែងឆ្ងាយ របស់ព្រឹទ្ធសភានីតិកាលទី៥។

ការអនុម័តសេចក្តីស្នើវិសោធនកម្មនេះ ក៏ជាពេលវេលាដ៏សំខាន់បំផុតមួយនៃប្រវត្តិសាស្ត្រកម្ពុជា ដោយហេតុថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ កាលពី៤០ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាឯកច្ឆន្ទ ជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីក្នុងវ័យ ៣២ឆ្នាំ (ជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា)៕

To Top