ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ និង CMAC ចុះ MOU លើកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម។

ការចុះអនុស្សរណៈ នៃការយោគយល់គ្នាធ្វើឡើងនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នទាំងពីរ។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការត្រួតពិនិត្យនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ និងបញ្ហាគ្រឿងញៀន ដែលនឹងអាចត្រូវដាក់ពង្រាយគោលដៅអាទិភាពនៅតាមបណ្តោយរាជធានីភ្នំពេញ និងខេត្តមួយចំនួន ជាពិសេស តំបន់ទេសចរណ៍ ,តំបន់សេដ្ឋកិច្ចពិសេស ,តំបន់កំពង់អភិវឌ្ឍន៍, ច្រកចេញចូលព្រំដែន និងតំបន់ដែលមានហានិភ័យខ្ពស់ដោយសារគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានមានប្រសាសន៍ថា កិច្ចសហការរវាងអង្គភាព CMAC និងកងកម្លាំងនគរបាលជាតិ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើការងារកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដំណាក់កាលទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ខណៈកិច្ចសហប្រតិបត្តិការនេះបានដំណើរការទៅដោយរលូនប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយកងកម្លាំងនគរបាលជាតិ បានចូលរួមសហការយ៉ាងជិតស្និទក្នុងការផ្ដល់ព័ត៌មាន និងសម្របសម្រួលឈានទៅដល់ការរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានរាប់ម៉ឺនគ្រាប់។

លោក បន្តថា មណ្ឌលសុនខ CMAC បានពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍជំនាញសុនខលើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានដូចជា៖ សុនខប្រឆាំងភេរវកម្ម សុនខប្រឆាំងបាតុកម្ម សុនខសន្តិសុខសាធារណៈ សុនខល្បាតព្រំដែន និងសុនខការងារសង្គមនានា។ ទន្ទឹមនឹងនេះ មណ្ឌលសុនខ ក៏បានធ្វើការស្រាវជ្រាវហ្វឹកហ្វឺនសុនខប្រឆាំងជម្ងឺកូវីដ-១៩ និងសុនខប្រឆាំងគ្រឿងញៀន ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈផងដែរ។

លោក បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអង្គភាពCMAC មានសុនខសរុបចំនួនប្រមាណ១៤៤ក្បាល ហើយក្នុងឆ្នាំ២០២៥នេះ មានផែនការបង្កាត់ពូជសុនខចំនួន១០០ក្បាលបន្ថែមទៀត ដែលធ្វើឲ្យអង្គភាពCMAC មានសមត្ថភាពផលិតសុនខគាំទ្រដល់បញ្ជាការដ្ឋាន ជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោកនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ និងក្រុមហ៊ុន Prince Security Services ព្រមទាំងផ្គត់ផ្គង់ដល់ប្រទេសមួយចំនួនដូចជាប្រទេសអាហ្សាបៃហ្សង់ អាហ្វ្រិក កណ្ដាល តួគី កូឡុំប៊ី និងអង្គការអន្ដរជាតិមួយចំនួនផងដែរ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៤ អង្គភាពCMAC បានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីនគរបាលស្ម័គ្រចិត្តចំនួន១.១៥៦នាក់ នៅក្នុងខេត្តចំនួន៨ គឺព្រះវិហារ ខេត្តកំពង់ធំ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង និងខេត្តតាកែវ ដើម្បីក្លាយជាគ្រូបង្គោលនៃកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមតាមសហគមន៍។ ក្នុងនោះបានធ្វើការកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមតាមមូលដ្ឋានភូមិ/ឃុំទូទាំងប្រទេសសរុបចំនួន២៤៧.៥១៤គ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន៤.៣៣៩គ្រាប់ មីនប្រឆាំងរថក្រោះចំនួន១៤៨គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន២៤៣.០២៧គ្រាប់ និងគ្រាប់អាវុធធន់ស្រាលចំនួនជាង១៨.៣២៥គ.ក្រ៕

To Top