ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកឡើងថា ការធ្វើផែនការគឺជាដំណើរ ការរៀបចំជាអចិន្រ្តៃយ៍ សំដៅធ្វើឱ្យប្រសើរឡើង ការប្រើប្រាស់ធនធាន ទាំងឡាយ ការសម្របសម្រួល និងការបម្រើសេវា ឱ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ដើម្បីសម្រេចគោលដៅ សុខភាពសាធារណៈ និងការឆ្លើយតប តម្រូវការ របស់ប្រជាពលរដ្ឋ។
ការលើកឡើងរបស់សាស្រ្តាចារ្យ ឈាង រ៉ានេះ នាឱកាសអញ្ជើញ ជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការ អនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ក្រសួងសុខាភិបាល នាថ្ងៃ១៤ មករាដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងឆ្នាំថ្មីនេះជាពិសេសពាក់ព័ន្ធការងារផែនការ និងព័ត៌មានសុខាភិបាល។
សាស្រ្តាចារ្យបានមានប្រសាសន៍ថា នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ទៅលើការពិនិត្យ និងរៀបចំផែនការ យុទ្ធសាស្រ្ត និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែក អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូល ធនមនុស្សសម្រាប់កំណើន សេដ្ឋកិច្ចប្រកបដោយចីរភាព ក្រសួងសុខាភិបាលបាន កំណត់គោលបំណងសុខភាព គឺ «លើកកម្ពស់លទ្ធផលសុខភាព និងបង្កើនការគាំពារហិរញ្ញវត្ថុ ក្នុងការទទួលបានសេវាថែទាំ សុខភាពមានគុណភាព ប្រកបដោយសមធម៌» ។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតផ្តល់ឱកាសជូន មន្រ្តីនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ធ្វើការណែនាំខ្លួន និងរំលឹកពីប្រវត្កិការងារ បទពិសោធន៍ អនុវត្តការងារកន្លងមក ។ ឆ្លៀតក្នុងឱកាសនេះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះ ដើម្បីទៅអនុវត្តការងារបន្ថែមទៀត ដូចជា ៖
១) ត្រូវយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍ និងអនុវត្តផែនការជាប្រចំា ដើម្បីតាមដាន និងវាយតម្លៃនូវប្រភពធនធាន សេវាសុខាភិបាល ស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត គោលដៅជាតិ និងសម្របតាមធនធានដែលមាន។
២) ត្រូវពង្រឹងកិច្ចសហការ និងសម្របសម្រួលការងារ ជាមួយអង្គភាពសុខាភិបាល ស្ថាប័ន ឬដៃគូពាក់ព័ន្ធ ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ក្នុងវិស័យសុខាភិបាល ជាពិសេសការវិភាជថវិកា ផ្តោតលើផែនការ សកម្មភាពជាអាទិភាព។
៣) ត្រូវគ្រប់គ្រងទិន្នន័យ សុខាភិបាលមានគុណភាព ការសិក្សាវាយតម្លៃ វិភាគទិន្នន័យច្បាស់លាស់ មុនរៀបចំគោល នយោបាយ ផែនការ ជាពិសេសផ្តោតលើ អត្ថប្រយោជន៍ របស់ប្រជាជនគោលដៅ ដែលសង្កត់ធ្ងន់លើការពង្រីក ការគាំពារសុខភាព សង្គមដល់បុគ្គលគ្រប់រូប ដើម្បីឆ្ពោះទៅកាន់ការគ្រប ដណ្តប់សុខភាពជាសកល។
៤) ត្រូវយកចិត្តទុកដាក់លើការ កែទម្រង់ជាយុទ្ធសាស្រ្ត ក្នុងការងារផែនការ ដោយទទួលនូវព័ត៌មាន ត្រឡប់ពីភាគី ប្រតិបត្តិពាក់ព័ន្ធ ដើម្បីកែលម្អ និងបង្កើនប្រសិទ្ឋភាពការងារ ជាពិសេសត្រូវរៀបចំក្របខណ្ឌ សូចនាករសមិទ្ធកម្ម សម្រាប់តាមដាន និងវាយតម្លៃ គ្រប់សកម្មភាពការងារ របស់អង្គភាពពាក់ព័ន្ធ៕