ស្ទឹងត្រែង ៖ ក្នុងពិធីបិទសន្និបាតមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអំពាវនាវឱ្យសាលារៀនគ្រប់គម្រិតចូលរួមចំណែកទប់ស្កាត់ឱ្យបាននូវជំងឺមិនឆ្លងដែលកំពុងតែរាតត្បាតតាមរយៈអាជីវករដែលលក់ដូរនៅតាមសាលារៀន គឺលក់ចំណីអាហារដែលប៉ះពាល់ដល់ក្មេងៗ ដូចជា ភេសជ្ជផ្អែមៗ ឬគ្រឿងកំប៉ុងមានជាតិផ្អែមខ្លាំង បង្កការកើតឡើងនូវជំងឺទឹកនោមផ្អែម។

នាឱកាសនោះ លោក អភិបាលខេត្ត ក៏បានជំរុញឱ្យលោកប្រធានមន្ទីរសុខាភិបាល ធ្វើផ្ទាំងរូបភាពអប់រំសុខភាព នៅតាមសាលារៀនបន្ថែមទៀត ដើម្បីជាសារអប់រំដល់សិស្សានុសិស្សពីគ្រោះថ្នាក់ការបរិភោគចំណីអាហារប៉ះពាល់សុខភាព។ លោក អភិបាលខេត្ត បានវាយតំលៃខ្ពស់អំពីសមិទ្ធិផលសំខាន់ៗនៃការអនុវត្តការងារអប់រំ យុវជន និងកីឡាក្នុងឆ្នាំសិក្សាកន្លងមក ។

ជាមួយគ្នានោះដែរ លោក បានលើកឡើងពីអាទិភាពស្នូលទាំង ៨ចំណុច ដែលបានដាក់ចេញក្នុងកិច្ចប្រជុំលើកទី១ និតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺអាទិភាពទី១ ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២ ការពិនិត្យ កែសម្រួល និងរៀបចំកកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ ទី៣ ការលើកកម្ពស់សុខភាពសិក្សា កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលារៀន ទី៤ ការជម្រុញ និងលើកទឹកចិត្តការចូលរួមរបស់មាតា បិតា អាណាព្យាបាលសិស្សនិងសហគមន៍តាមពាក្យស្លោក ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ ទី៥ ការអប់រំឌីជីថល ទី៦ ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ទី៧ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងទី៨ ការអភិវឌ្ឍការអប់រំកាយ និងកីឡា។

លោក អភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត ដែលសម្រេចបានលទ្ធផលការងារអប់រំ ប្រចាំឆ្នាំសិក្សា២០២៣-២០២៤ និងបន្តខិតខំបន្ថែមទៀតទទួលបានជោគជ័យស្របតាមទិសដៅការងារដែលបានគ្រោងទុក ក្នុងឆ្នាំសិក្សាថ្មីនេះ។

លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង បានលើកឡើងថា សមិទ្ធិផលការងារ សំខាន់ៗដែលមន្ទីរ បានអនុវត្តសម្រេចបាននាឆ្នាំកន្លងទៅ ហើយសាលារៀនគ្រប់គម្រិតសិក្សានៅខេត្តស្ទឹងត្រែង បានកើតឡើងគួរឱ្យគត់សម្គាល់ ឆ្លើយតបទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល បង្ខិតសាលារៀនឱ្យទៅជិតលំនៅឋានរបស់ប្រជាជន៕
