ភ្នំពេញ៖ លោកអាលី អាកបារ ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានលើកសរសើរពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា ពិតជាក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»។
ការលើកសរសើរសម្តេចតេជោនេះ ដោយសារលោកអាលី អាកបារ ណាហ្សារីមើលឃើញថា សម្តេចតេជោបានបូជាលះបង់យ៉ាងធំធេង ក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាព និងការរីកចម្រើនលើគ្រប់ វិស័យរហូតដល់បច្ចុប្បន្ន។ ការលើកឡើងរបស់លោកទូតនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ នាថ្ងៃ១៦ មករា ។
ឆ្លៀតក្នុងឱកាសនៃជំនួប ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានលើកឡើងបន្ថែមថា តាំងពីប្រទេសទាំងពីរភ្ជាប់ចំណងការទូតមក ទំនាក់ទំនងរវាងកម្ពុជា-អ៊ីរ៉ង់ គឺជាទំនាក់ទំនងមិត្តភាព និងស្ថាបនា។ ប្រទេសទាំងពីរក៏បានខិតខំពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនានា ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងថាមពល បច្ចេកវិទ្យា… ក៏ដូចជាកិច្ចខិតខំជំរុញការបង្កើត គណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាង ប្រទេសទាំងពីរឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ បានស្នើជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច រវាងប្រទេសទាំងពីរឱ្យបានញឹកញាប់ និងក្នុងន័យនេះ បានពាំនាំនូវការអញ្ជើញរបស់ប្រធានសភាអ៊ីរ៉ង់ គោរពអញ្ជើញ សម្តេចតេជោ បំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ តាមពេលវេលាសមស្រប។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានផ្តល់អនុសាសន៍គាំទ្រឱ្យប្រទេសទាំងពីរ លើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម តាមរយៈការជំរុញស្នូលទៅលើការ បង្កើតគណៈកម្មការចម្រុះសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលនឹងក្លាយជាយន្តការផ្លាស់ប្តូរការ ពិភាក្សាគ្នាទៅលើវិស័យទាំងនេះ ក៏ដូចជាវិស័យដទៃទៀត។ ស្តែងចេញពីយន្តការនេះ ភាគីទាំងពីរអាចចាប់ផ្តើមជំរុញការរៀបចំ កិច្ចព្រមព្រៀងស្តីពីការពារវិនិយោគរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ក៏បានបញ្ជាក់អំពីគោលជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដូចជានៅតំបន់មជ្ឈិមបូព៌ា និងក្នុងស្មារតីនេះ បានស្នើឱ្យជំរុញយន្តការពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ចំពោះបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាប្រយោជន៍រួមនៃប្រទេសទាំងពីរ៕