ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៥ ដើម្បីផ្តល់ឱកាសដល់ប្រជាជនចិន និងប្រជាជនខ្មែរ ជាប់សែស្រឡាយចិន បានសប្បាយរីករាយ និងទទួលអំណរឆ្នាំថ្មី ដែលនឹងចូលមកដល់នៅចុងខែមករា ខាងមុខនេះ។

ការរៀបចំពិធីថ្ងៃនេះ មានគោលបំណងអបអរសាទរ ឆ្នាំថ្មីប្រពៃណីចិន និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋចិន និងខ្មែរជាប់សែស្រឡាយចិន បានជួបជុំគ្នាពិសារអាហារសាមគ្គី សំណេះសំណាលសួសុខទុក្ខ បន្ទាប់ពីបែកគ្នាក្នុងរយៈពេលមួយឆ្នាំកន្លងមក ។

នៅក្នុងឱកាសនោះ លោក វ៉ាង វិនពីន (Wang Wenbin) បានជូនពរដល់ប្រជាជនចិន និងប្រជាជនខ្មែរជាប់សែស្រឡាយចិនឱ្យជួបតែសេចក្តីសុខ រកស៊ីមានបានជាពិសេស ជូនពរឱ្យចំណងមិត្តភាពកម្ពុជាចិនកាន់តែរឹងមាំស្ថិតស្ថេរជាអមតៈ។ ជាមួយគ្នានេះ លោក បានបង្ហាញការពេញចិត្ត ចំពោះចំណងមិត្តភាព នៃប្រទេសទាំងពីរ ព្រោះចំណងមិត្តភាពកម្ពុជាចិនគឺជាមិត្តដែកថែប ហើយមានភ្ជាប់ទំនាក់ទំនងល្អ ជាមួយគ្នាតាំងពីយូរណាស់ មកហើយ ព្រមទាំងមានការពូនជ្រុំ ពីសំណាក់ព្រះបាទនរោត្តមសីហនុព្រះបរមតនកោដ្ឋ និងបានបន្តថែរក្សាពីថ្នាក់ដឹកនាំបច្ចុប្បន្ន ។

អ្នកឧកញ៉ា លី ឃុនថៃអនុប្រធានសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាប្រធានសហព័ន្ធអ្នកវិនិយោគនៅកម្ពុជាដែលបានចូលរួមកម្មវិធីនេះ បានចាត់ទុកថា ការរៀបចំកម្មវិធីជួបជុំនេះ នឹងធ្វើឱ្យចំណងមិត្តភាពកម្ពុជាចិនកាន់តែរឹងមាំនិងស្និទ្ធស្នាល។ ក្នុងឱកាសនេះអ្នកឧញ្ញា បានជួនពរដល់ប្រជាជនចិន និងខ្មែរជាប់សែស្រឡាយចិនឱ្យទទួលបានសុខភាពល្អ ជោគជ័យការងារ ក្នុងឱកាសឆ្នាំថ្មីនេះ។
លោកបានបញ្ជាក់ថា « ខ្ញុំសូមជូនពរនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុខនេះឱ្យមានជោគជ័យ រវាងកម្ពុជា និងចិន និងជូនពរដល់ប្រជាជន លើពិពលោក សូមឱ្យមានសុខភាពល្អរកស៊ីមានបាន ជោគជ័យគ្រប់ក្រុមគ្រួសារ» ។

លោកបណ្ឌិតជាមុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានចាត់ទុកកម្មវិធីដែលរៀបចំដោយស្ថានទូតចិននេះ គឺបានឱកាសដ៏ល្អសម្រាប់ប្រជាជនចិន និងខ្មែរបានស្វែងយល់ពិប្រពៃណីចូលឆ្នាំចិន និងបានរឹតចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរឱ្យកាន់តែរឹងមាំ។
សំឡេង៖ « ជាឱកាសដ៏ល្អសម្រាប់ប្រជាជនចិននៅកម្ពុជា ឱ្យគាត់បានយល់ដឹងពីទំនៀមទំលាប់ប្រពៃណីចិន និងបានសប្បាយរីករាយ ស្វែងយល់ពីគ្នាលើជ្រុងនៃអរិយធម៌វប្បធម៌នៃប្រទេសកម្ពុជា ចិនទៅវិញទៅមក។ »

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២៤ ពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបង្ហាញច្បាស់ថា បុណ្យចូលឆ្នាំថ្មីចិន បានក្លាយជាបុណ្យចូលឆ្នាំ ទូទាំងពិភពលោក។ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ ត្រូវនឹងថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥៕



