ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ស្តីពីការចាប់ផ្តើមដំណើរការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០:០០ នៅសាលសន្និសីទរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក សោម សូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីប្រកាសផ្សាយអំពី ការចាប់ផ្តើមដំណើរការឃោសនាបោះឆ្នោត ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។

លោក សោម សូរីដា បានមានប្រសាសន៍ថា ការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃ ខេត្តព្រះសីហនុ មានរយៈពេល ៨ (ប្រាំបី) ថ្ងៃ គឺត្រូវចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ គ្រប់សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦:០០ ព្រឹក ដល់ម៉ោង ១០:០០ យប់ និងត្រូវឈប់ សម្រាកនៅចន្លោះ ពីម៉ោង ១០:០០ យប់ ដល់ម៉ោង ៦:០០ ព្រឹក។ សកម្មភាពឃោសនាបោះឆ្នោត ដោយឧបករណ៍បំពងសំឡេង ត្រូវហាមឃាត់ជាទូទៅចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ ដល់ម៉ោង ២:០០ រសៀល។ គ្រប់សកម្មភាពឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ ត្រូវបញ្ឈប់ក្នុងរយៈពេល ២៤ (ម្ភៃបួន) ម៉ោង មុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោត។

លោក សោម សូរីដា បានមានប្រសាសន៍បន្តទៀតថា ការឃោសនាបោះឆ្នោតមានទិសដៅ ឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតធ្វើការផ្សព្វផ្សាយ កម្មវិធីនយោបាយរបស់ខ្លួនជូនអ្នកបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ក្នុងមណ្ឌលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ។

អំពីសកម្មភាពហែក្បួនឃោសនាបោះឆ្នោត លោក សោម សូរីដា បានបញ្ជាក់ជូនថា ទម្រង់ និងទំហំនៃការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះ គ្រប់ប្រភេទត្រូវបានកំណត់ក្នុងបទបញ្ជា និងនីតិវិធី។ លោក បន្តថា គណបក្សនយោបាយ ដែលមានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។
គណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម អាចហែក្បួនព្យុហយាត្រា នៅក្នុងមណ្ឌលក្រុងរបស់ខ្លួនបានយ៉ាងច្រើន ២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ការហែក្បួនព្យុហយាត្រា ត្រូវបានអនុញ្ញាតឱ្យធ្វើក្នុងក្របខណ្ឌសង្កាត់ទាំង ៥ នៃក្រុងកំពង់សោម រួមមាន សង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ។

ពាក់ព័ន្ធនឹងភារកិច្ចរបស់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រ លោក សោម សូរីដា បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រទាំងអស់ ត្រូវគោរពវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ គោរពបទបញ្ជា និងនីតិវិធី និងក្រមសីលធម៌ ដែលក្នុងនោះត្រូវគោរពគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់អាកប្បកិរិយាថ្លៃថ្នូរ មិនត្រូវបង្គាប់បញ្ជាឱ្យអ្នកគាំទ្ររបស់ខ្លួនទៅហែក ឬបំផ្លាញចោល សម្ភារ ឯកសារឃោសនារបស់គណបក្សនយោបាយ ឬ/និងបេក្ខជនដទៃ។ មិនត្រូវប្រព្រឹត្តអំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើហិង្សា ទៅលើបេក្ខជន ឬគណបក្សនយោបាយដទៃ មិនត្រូវញុះញង់អ្នកគាំទ្រឱ្យប្រព្រឹត្តអំពើរំលោភ គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យ ទៅលើបុគ្គល ឬគណបក្សនយោបាយដទៃ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរ ក្នុងន័យអសីលធម៌ ប្រមាថ មាក់ងាយទៅលើបេក្ខជន អ្នកគាំទ្រ ឬលើបុគ្គលណាម្នាក់ឡើយ។ល។

អំពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត លោក សោម សូរីដា បានមានប្រសាសន៍ថា ក្នុងអំឡុងពេលនៃការឃោសនាបោះឆ្នោត ជនណាក៏ដោយ ឬតំណាងមានសិទ្ធិដាក់ពាក្យបណ្តឹងចំពោះជន ឬគណបក្សនយោបាយដែលបានប្រព្រឹត្ត អំពើរំលោភច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ទៅសមត្ថកិច្ចដោះស្រាយពាក្យបណ្តឹង តាមឋានានុក្រម រួមមាន គ.ខ.ប ព្រះសីហនុ និង គ.ជ.ប។

ចំពោះការដោះស្រាយពាក្យបណ្តឹង លោក សោម សូរីដា បានមានប្រសាសន៍ថា គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តព្រះសីហនុ និង គ.ជ.ប មានសិទ្ធិអំណាច និងភារកិច្ចសម្រេចលើវិវាទ ដែលពាក់ព័ន្ធនឹងដំណើរការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងកំពង់សោម។ គ.ខ.ប ព្រះសីហនុ មានសិទ្ធិបើកការប្រជុំផ្សះផ្សា ឬបើកសវនាការ លើពាក្យបណ្តឹងតវ៉ា ឬពាក្យបណ្តឹងជំទាស់។ គ.ជ.ប មានសិទ្ធិពិនិត្យសម្រេច ឬបើកសវនាការលើពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹង ជំទាស់ទាក់ទងនឹងការឃោសនាបោះឆ្នោត លើកលែងតែពាក្យបណ្តឹង ដែលទាក់ទងនឹងសមត្ថកិច្ចរបស់តុលាការ។ គ.ជ.ប ដោះស្រាយពាក្យបណ្តឹងនេះ ក្នុងរយៈពេលសមស្របជាបន្ទាន់ បន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្តឹង។

ជាចុងក្រោយ លោក សោម សូរីដា បានអំពាវនាវចំពោះគណៈកម្មការរៀបចំការ បោះឆ្នោតពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគណៈបញ្ជាការឯកភាព អាជ្ញាធរដែនដីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមគោរពច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍ណែនាំផ្សេងៗទៀតរបស់ គ.ជ.ប ដើម្បីធានាឱ្យដំណើរការឃោសនាបោះឆ្នោតខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ គណបក្សនយោបាយ និងបេក្ខជនត្រូវមានភាពចាស់ទុំខាងនយោបាយ ក្នុងការធ្វើសកម្មភាពឃោសនា។

ភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កងរាជអាវុធហត្ថលើផ្ទៃ-ប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយ ចំនួន ១៧ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ២០ តំណាងស្ថានទូតរុស្ស៊ី ចំនួន ១ រូប ព្រមទាំងអ្នកសារព័ត៌មាន សរុបចំនួន ៧៩នាក់៕

To Top