ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ អ្នកដឹកនាំ ត្រូវតែមានភាព បុរេសកម្ម និងនវានុវត្តន៍

ភ្នំពេញ ៖ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ភាពជាអ្នកដឹកនាំ និងភាពច្នៃប្រឌិតក្នុងការថែទាំសុខភាព៖ និន្នាការសុខភាពនាថ្ងៃអនាគត និងការកំណត់អាទិភាព” នៅថ្ងៃ១៦ មករា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា អ្នកដឹកនាំត្រូវតែមានភាពបុរេសកម្ម និងនវានុវត្តន៍ គិតមុនគ្រប់ជំហាន ទើបមានការរីកចម្រើន និងជឿនលឿន ។

នាឱកាសនោះ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើង ពីការប្រើប្រាស់ធនធានប្រកបដោយការយកចិត្តទុកដាក់ ពិសេសការអភិវឌ្ឍធនធាន មនុស្សប្រកបដោយសមត្ថភាព ក្នុងការដើរលើគន្លងនិយាមសាកល។ សាស្ត្រាចារ្យ ក៏បានកត់សម្គាល់យកខ្លឹមសារនៃសិក្ខាសាលា សម្រាប់បញ្ជ្រាបទៅកាន់មូលដ្ឋានសុខាភិបាល តាមរយៈការកត់ត្រា និងការចូលរួមបញ្ចេញ មតិប្រកបដោយភាពផុសផុល។ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរចំពោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានសហការជាមួយមហាវិទ្យាល័យ សុខភាពសាធារណៈ Saw Swee Hock នៃសាកលវិទ្យាល័យជាតិសិង្ហបុរី រៀបចំសិក្ខាសាលា ដ៏មានសារៈសំខាន់នេះ ក្នុងការពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលរបស់យើង ដើម្បីបន្តពង្រឹងគុណភាពសេវាសុខាភិបាល ប្រកបដោយភាពនវានុវត្តន៍ និងបុរេសកម្ម។

សាស្ត្រាចារ្យ បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដល់អង្គពិធី ដូចខាងក្រោម៖ ១-ការឱបក្រសោបបច្ចេកវិទ្យា យកមកប្រើប្រាស់ដែលឧបករណ៍ ដូចជាបញ្ញាសិប្បនិម្មិត Telemedicine និង Precision medicine កំពុងតែផ្លាស់ប្តូរ ការថែទាំព្យាបាលសុខភាព ដោយអ្នកដឹកនាំត្រូវតែស្វែង យល់បន្ថែមដើម្បីធានាឱ្យបានថា បច្ចេកវិទ្យាទាំងនេះ ត្រូវបានប្រើប្រាស់ប្រកបដោយក្រមសីលធម៌ ប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន និងជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ប្រើប្រាស់ទិន្នន័យ ដែលប្រមូលបានពីបច្ចេកវិទ្យានេះ មកប្រើប្រាស់ឱ្យអស់លទ្ធភាពសម្រាប់ជាប្រយោជន៍ ដល់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សជាតិ ។

ក្នុងនោះ ការផ្តល់អាទិភាពដល់សមធម៌ (Prioritizing equity) ដើម្បីឱ្យមាននិរន្តរភាពយូរអង្វែង ក្នុងពេលអនាគត ត្រូវខិតខំដោះស្រាយបញ្ហាវិសមភាព ក្នុងការទទួលបាននូវសេវាថែទាំ ព្យាបាលសុខភាព និងធានាថាប្រជាពលរដ្ឋទាំងអស់ទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនទាំងនោះ។ ការកសាងភាពធន់ ដោយអ្នកដឹកនាំត្រូវផ្តល់ អាទិភាពដល់សុខុមាលភាព របស់មន្រ្តីបុគ្គលិកសុខាភិបាល និងរៀបចំនូវប្រព័ន្ធសុខាភិបាល មួយដែលមានភាពធន់ទៅនឹង កត្តាប្រឈមនានា ដែលអាចកើតមាននាពេលអនាគត ។ ទន្ទឹមនឹងនោះដែរ ការច្នៃប្រឌិតមិនមែនទាមទារ ត្រឹមតែឧបករណ៍ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែទាមទារនូវផ្នត់គំនិត នៃការកែលម្អជាប្រចាំនិងកិច្ចសហប្រតិបត្តិការគ្នា។

ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវពាក្យគន្លឹះចំនួន៤ ដល់អង្គសិក្ខាសាលាថ្ងៃនេះ សម្រាប់វិស័យសុខាភិបាល គឺ ១) Leadership ដោយអ្នកដឹកនាំ ត្រូវមានការពន្យល់ ការចូលរួម មានឆន្ទៈ ការសហការគ្រប់ផ្នែក និងភាគីពាក់ព័ន្ធ យុទ្ធសាស្រ្តសម្របសម្រួល និងឆ្លើយតបនឹង តម្រូវការពាក់ព័ន្ធ ជាពិសេសក្រមសីលធម៌ ដល់អ្នកប្រើប្រាស់សេវា , ២) Innovation ជាការធ្វើទំនើបកម្ម ការស្រាវជ្រាវថ្មីៗ ដើម្បីទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព , ៣) Future ត្រូវគិតគូរអំពីសុខភាព មនុស្សចាស់ ជំងឺរ៉ាំរ៉ៃ ជំងឺមិនឆ្លង ការគាំពារសង្គម សុខភាពផ្លូវចិត្ត និងត្រៀមលក្ខណៈ ទប់ស្កាត់ជំងឺឆ្លង នាពេលខាងមុខ និង៤) Priority ការរៀបចំផែនការ ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ហិរញ្ញវត្ថុ សម្ភារៈ និងនិរន្តរភាព នាពេលអនាគត ប្រកបដោយសមធម៌ និងត្រូវមាន ទិន្នន័យ ស្ថិតិ តាមបែប Digital Health ជារឿងសំខាន់៕

To Top