ព័ត៌មានជាតិ

ប្រធានអាស៊ានប្ដូរវេន​ ប្រកាសបេីកជាផ្លូវការវេទិកាទេសចរណ៍អាស៊ាន​ ឆ្នាំ២០២៥​ នៅទីក្រុងចូហូ​ បារុ​ ម៉ាឡេស៊ី

ចូហូ​ បារុ៖​ ប្រទេសម៉ាឡេស៊ី​ ដែលជាប្រធានអាស៊ានប្ដូរវេន​នៅឆ្នាំនេះ នៅថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២៥​ នេះបានប្រកាស់បេីកជាផ្លូវការនូវវេទិការទេសចរណ៍អាស៊ាន​ ឆ្នាំ២០២៥​ (ATF 2025) ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក YAB Dato’ Sri Haji Fadillah Bin Haji Yusof​ ក៏ដូចជាប្រមុខរដ្ឋចូហូ​ និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍​ វប្បធម៌​ និងសិល្បៈម៉ាឡេស៊ី​ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាលោក​ ហួត​ ហាក់​ និងរដ្ឋមន្រ្តីទេសចរណ៍មកពីបណ្ដាសមាជិកអាស៊ានផ្សេងទៀត។ 

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១​ វេទិកាទេសចរណ៍អាស៊ាន (ATF) គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ​ ដែលបង្ហាញពីតំបន់អាស៊ីអាគ្នេយ៍ជាគោលដៅទេសចរណ៍រួមមួយ​ ហេីយវេទិកានេះបានប្រមូលផ្តុំរដ្ឋមន្ត្រីទេសចរណ៍ តំណាងរដ្ឋាភិបាល ទីភ្នាក់ងារសារទេសចរណ៍​ និងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសអាស៊ានទាំង១០​ រួមទាំងប្រទេសជាច្រេីនទៀតទាំងក្នុង​ និងក្រៅតំបន់។

 

នៅក្នុងនោះដែរវេទិកាទេសចរណ៍អាស៊ាន  រួមមានកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ពិព័រណ៍ពាណិជ្ជកម្ម ការផ្លាស់ប្ដូរព័ត៌មាន​ និងទំនាក់ទំនងក្នុងវិស័យទេសចរណ៍ន​ (TRAVEX) និងសន្និសីទផ្សេងៗ ដោយផ្តោតលើប្រធានបទដូចជា ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការផ្លាស់ប្តូរបែបឌីជីថលជាដេីម។ 

ក្រោមប្រធានបទ “Unity in Motion, Shaping ASEAN’s Tourism Tomorrow” ការរៀបចំវេទិកាទេសចរណ៍របស់អាស៊ាន” ATF ឆ្នាំ២០២៥​ ប្តេជ្ញាកសាងឧស្សាហកម្មទេសចរណ៍អាស៊ានឱ្យរឹងមាំ និងប្រកបដោយនិរន្តរភាព។ 

ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក YAB Dato’ Sri Haji Fadillah Bin Haji Yusof​ បានឧ្យដឹងថា​ វេទិកានេះស្វែងរកការជំនះឧបសគ្គបច្ចុប្បន្ន និងជម្រះផ្លូវសម្រាប់អនាគតដ៏រុងរឿងដោយប្រើប្រាស់សមត្ថភាពរួម និងគោលដៅរួមនៃប្រទេសជាសមាជិករបស់ខ្លួន។  

លោកបានលេីកឡេីងថា​ “ចូលរួមជាមួយពួកយើងនៅ ATF 2025 នៅពេលដែលយើងធ្វើការរួមគ្នាដើម្បីអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ដ៏រស់រវើក និងជោគជ័យសម្រាប់អនាគតអាស៊ាន។ រួមគ្នា យើងអាចបង្កើតអនាគតមួយ​ ដែលមនុស្សជុំវិញពិភពលោកចាប់អារម្មណ៍ និងបំផុសគំនិតដោយទេសភាពធម្មជាតិដ៏អស្ចារ្យរបស់អាស៊ីអាគ្នេយ៍ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងរឿងរ៉ាវបំផុសគំនិតជាច្រេីនទៀត”។

សូមជម្រាបថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ បាននិងកំពុងប្រារព្ធឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា រួមជាមួយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៨ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូក៣លើកទី២៤ (ចិន ជប៉ុន និងកូរ៉េ) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី១២ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-រុស្ស៉ីលើកទី៤ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។

 ព្រឹត្ដិការណ៍នេះ​ គឺជាការចាប់ផ្តើមនៃការផ្លាស់ប្តូរការនៃវិស័យទេសចរណ៍នៅក្នុងតំបន់​ ក្នុងគោលបំណងជំរុញការតភ្ជាប់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍អាស៊ាន​ ក្រោមប្រធានបទ​ “រួបរួមក្នុងចលនា​,​ បង្កើតទិសដៅទេសចរណ៍របស់អាស៊ាននៅថ្ងៃស្អែក” ដោយសង្កត់ធ្ងន់លើកិច្ចសហការក្នុងតំបន់ក្នុងការផ្សព្វផ្សាយទេសចរណ៍

ASEAN Travel Exchange (TRAVEX)​ ជាវេទិកាសម្រាប់អ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍​ ដើម្បីភ្ជាប់ទំនាក់ទំនង​ និងស្វែងយល់ពីគ្នាទៅវិញទៅមក​ ក៏ដូចជាការស្វែងរកឱកាសទេសចរណ៍នៅអាស៊ីអាគ្នេយ៍​។  អ្វីដែលគួរឧ្យកត់ស្គាល់នោះ​ វេទិកា​ទេសចរណ៍អាស៊ាននៅឆ្នាំ​នេះធ្វេីឡេីង​ ខណៈ​ប្រទេស​ម៉ាឡេស៊ី​ ក៏​កាន់​តំណែង​ជា​ប្រធាន​ប្ដូរវេនអាស៊ានផងដែរ៕

To Top