ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ផែនទីបង្ហាញផ្លូវសម្រាប់ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង នឹងក្លាយជាមគ្គុទ្ទេសក៍ប្រកបដោយភាពជាក់ស្តែង សម្រាប់ការពង្រឹងការត្រៀមខ្លួនលើវិស័យពាណិជ្ជកម្ម។
ក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ ស្តីពី “ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង” នៅថ្ងៃទី២០ មករា នេះ លោកស្រី រដ្ឋមន្ត្រី បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា សម្រាប់ជំនួយគាំទ្រដ៏ជាប់លាប់ ជាពិសេសតាមរយៈមូលនិធិភាពជាដៃគូរបស់ អង្គការសហប្រជាជាតិសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (PAGE) ក្នុងជួយជ្រោមជ្រែងដល់ការរៀបចំផែនទីបង្ហាញផ្លូវនះទ្បើង។
លោកស្រី រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា «ផែនទីបង្ហាញផ្លូវនេះ នឹងក្លាយជាមគ្គុទ្ទេសក៍ប្រកបដោយភាពជាក់ស្តែង សម្រាប់ការពង្រឹងការត្រៀមខ្លួន លើវិស័យពាណិជ្ជកម្មដែលផ្តោតលើការ លើកកម្ពស់ការអនុវត្តពាណិជ្ជកម្មប្រកបដោយចីរភាព ការដំទ្បើងកម្រិតខ្សែច្រវាក់តម្លៃ និងការធានាបាននូវច្រកចូលទីផ្សារ សម្រាប់ការនាំចេញផលិតផលកម្ពុជា»។
ថ្លែងទៅកាន់អង្គសិក្ខាសាលា លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការថ្លឹងថ្លែង ឱ្យមានតុល្យភាពដោយការប្រុងប្រយ័ត្ន រវាងវិស័យអាទិភាពរយៈពេលខ្លី ជាមួយនឹងចីរភាពរយៈពេលវែង ក្នុងដំណើរឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ជាពិសេស ទន្ទឹមនឹងការប្រែក្លាយទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការប្រឈមនឹងការបាត់បង់ភាពអនុគ្រោះច្រកចូលទីផ្សារ ការអនុលោមតាមច្បាប់ពាណិជ្ជកម្មដ៏តឹងរ៉ឹង និងភាពផុយស្រួយនៃប្រព័ន្ធពាណិជ្ជកម្មសកល តម្រូវឱ្យកម្ពុជា រៀបចំអភិក្រមប្រកបដោយយុទ្ធសាស្ត្រ នវានុវត្តន៍ និងការសម្លឹងឆ្ពោះទៅមុខ ជាពិសេស ស្របពេលដែលពិភពលោកកំពុង ឆ្ពោះទៅសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព រួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាផងដែរ។
លោកស្រី រដ្ឋមន្រ្តី បន្តថា ការចាកចេញរបស់កម្ពុជាពី ឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងការកើនឡើងនៃលក្ខខណ្ឌតម្រូវ នៃការអនុវត្តប្រកបដោយចីរភាព ក៏បាននាំមកនូវកាលានុវត្តភាពផងដែរ ជាពិសេស ក្នុងការពិនិត្យផ្លាស់ប្តូរគំរូសម្រាប់កំណើន (Growth Model) ដែលមានចីរភាព បរិយាប័ន្ន និងភាពធន់ ជាងមុន ដែលនឹងធានាបានថា កម្ពុជាមិនត្រឹមតែបានត្រៀមខ្លួនរួចរាល់ សម្រាប់អនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាជំហដ៏ប្រសើរក្នុងការរីកលូតលាស់ ក្នុងសេដ្ឋកិច្ចសកលប្រកបដោយ ថាមវន្តនិងវិវត្តទៅមុខជាប់ជានិច្ច ដោយឈរលើស្មារតីការប្រែក្លាយ បញ្ហាប្រឈមឱ្យទៅជាឱកាស៕