ភ្នំពេញ៖ បណ្តាសហជីពនៅកម្ពុជា គាំទ្រយ៉ាងពេញទំហឹងលើវិធានការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើរោងចក្រ សហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥នេះ ដើម្បីធានាឱ្យបាននូវការគោរពច្បាប់ការងារ, ការអនុវត្តប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិត ពីសំណាក់និយោជក ចៀសវាងមានការតវ៉ា ឬវិវាទការងារកើតឡើង។
លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា យន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារគឺជារឿងល្អណាស់សម្រាប់រក្សាឱ្យបាននូវការគោរពសិទ្ធិ និងតាមដានការអនុវត្តការផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិតពីសំណាក់និយោជក ដើម្បីធានាបានថា ម្ចាស់រោងចក្រ សហគ្រាសទាំងនោះមិនកេងប្រវ័ញ្ច និងផ្តល់អត្ថប្រយោជន៍បានពេញលេញតាមច្បាប់ការងារដែលមានចែងជាធរមាន ជាពិសេសលើប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ។
ប្រធានសហភាពការងារកម្ពុជាមួយនេះ បានគូសបញ្ជាក់បន្ថែមថា ការធ្វើបែបនេះមិនត្រឹមតែលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិតប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដើម្បីរក្សាឱ្យបាននូវបរិយាកាសវិនិយោគនៅក្នុងស្រុកមួយ ដែលធានាបាននូវផលិតភាពនិងស្ថិរភាព ពីព្រោះកាលណានៅក្នុងស្រុកមានការគោរពច្បាប់បានត្រឹមត្រូវ នោះកម្មករកាន់តែមានផលិតភាពការងារ ដោយឡែកអ្នកវិនិយោគថ្មីក៏មានការចាប់អារម្មណ៍លើប្រទេសកម្ពុជា ខណៈដែលស្ថានភាពការងារកាន់តែប្រសើរឡើង។ ដូច្នេះហើយការពង្រឹងច្បាប់ និងការអនុវត្តច្បាប់គឺពិតជារឿងសំខាន់ណាស់សម្រាប់បរិបទការវិនិយោគ។
ប្រធានសហភាពការងារកម្ពុជារូបនេះក៏បានគូសបញ្ជាក់ផងដែរថា យន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារនាពេលនេះ ជាមួយផ្នែកចូលរួមយ៉ាងសំខាន់ដើម្បីធានាឱ្យនូវគោលនយោបាយថ្នាក់ជាតិគឺប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយផងដែរ។ លោកក៏សង្កត់ធ្ងន់ផងដែរថា បណ្តាសហជីពមូលដ្ឋាន និងនិយោជកត្រូវរួមគ្នាធ្វើការដោះស្រាយនូវបញ្ហាផ្សេងៗឱ្យបានទាន់ពេល ប្រសិនរកដំណោះស្រាយមិនបាន ត្រូវបញ្ជូនមកក្រសួងការងារ ដែលជាសេនាធិការខាងការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរកដំណោះស្រាយ ជៀសជាងខ្ទប់រឿង ហើយឈានដល់ការបង្កើតជម្លោះនៅទីតាំងផ្ទាល់ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម។
ដោយឡែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគូសបញ្ជាក់ផងដែរថា លោកគាំទ្រយ៉ាងពេញទំហឹងលើយន្តការពង្រឹងការធ្វើអធិការកិច្ចរបស់ក្រសួងការងារពីព្រោះដើម្បីត្រួតពិនិត្យ និងធ្វើឱ្យបណ្តាម្ចាស់រោងចក្រ សហគ្រាស អនុវត្តបានពេញលេញ និងត្រឹមត្រូវនូវប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតដល់កម្មករនិយោជិតនៅកម្ពុជា។ កិច្ចការទាំងនេះសុទ្ធសឹងតែជាអ្វីដែលកម្មករនិយោជិតចង់បាន និងទាមទារការយកចិត្តទុកដាក់ពីភាគីពាក់ព័ន្ធ។
ប្រធានសម្ព័ន្ធសហជីពជាតិរូបនេះមើលឃើញថា តាំងពីពេលមុនៗរហូតមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅ រួមទាំងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត ដូច្នេះហើយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលត្រូវតែផ្តល់ឱ្យដល់កម្មករ តាមរយៈការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិឱ្យបានត្រឹមត្រូវ និងច្បាស់លាស់បំផុតពីសំណាក់និយោជក។
គួរបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ និងក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដោយត្រូវទូទាត់ចំនួន ២ដង ក្នុង១ខែ។
ទន្ទឹមនឹងនេះ ម្ចាស់ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវទូទាត់ប្រាក់បំណាច់អតីតភាពការងារចំនួន ២ដង ក្នុង១ឆ្នាំ រួមនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករនិយោជិតឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាដោយមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារកើតឡើង អធិការការងារនឹងចាត់វិធានការផាកពិន័យសហគ្រាស គ្រឹះស្ថាននោះ យ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន។
ក្នុងករណីសង្ស័យថា ការគណនាប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ អនុវត្តមិនបានត្រឹមត្រូវតាមច្បាប់ សូមបងប្អូនកម្មករនិយោជិត ឬសហជីពដែលជាតំណាងរបស់បងប្អូនកម្មករនិយោជិតជូនដំណឹងមកអធិការការងារ តាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៩៧ ឬ ១២៨៦ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន ចៀសវាងការយកជម្រើសតវ៉ាតាមរយៈការបិទផ្លូវសាធារណៈដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងអាចឈានដល់ការប្រព្រឹត្តល្មើសច្បាប់ជាយថាហេតុ៕