សាធារណជននៅកម្ពុជា បានចែករំលែកនិងស្វែងយល់ ពីអត្ថន័យនៃ ពិធី «ចាក់ទឹកតែ» នៅក្នុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន។ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានចែករំលែកថា ទំនៀមទម្លាប់ចាក់ទឹកតែ មានអត្ថន័យផ្សារភ្ជាប់ នឹងពិធីចូលឆ្នាំចិន ៣ យ៉ាង។
ថ្លែងប្រាប់ក្នុងពេលរៀបចំកម្មវិធីសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន នៅភូមិតានន ឃុំដូងស្រុកបាទី ខេត្តតាកែវ កាលពីពេលថ្មីៗនេះ បណ្ឌិត ជា មុនីឫទ្ធិ បានប្រាប់ថា ចំណុចទី១ ៖ ជាអត្តសញ្ញាណជាតិចិន ដែលជាផ្នែកមួយ នៃវប្បធម៌ចិនត្រូ វបានទទួលស្គាល់ ជាសកល ហើយជាម៉ាកសញ្ញាផ្តាច់មុខ នៃផលិតផលរបស់ចិន ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយប្រជាជនចិនបានរៀបចំ ឱ្យក្លាយជាវប្បធម៌តែដោយបានរៀបរាប់ និងបង្ហាញសកម្មភាព នៃសង្វាក់ការយល់ដឹង អំពីដំណើរនៃការចាប់ផ្តើមដាំតែ រហូតយកមកទទួលទាន ដោយបង្កើតបានជាមរតក នៃការផ្សព្វផ្សាយ ពីជំនាន់មួយទៅជំនាន់មួយ នៅគ្រប់កន្លែង។ រីឯ ចំណុចទី២ ៖ ជាឱកាសដើម្បីជួបពិភាក្សាការងារ ព្រោះពិធីចូលឆ្នាំចិន គឺជាពិធីដែលបាននាំសមាជិក សាច់ញាតិ មិត្តភក្តិ មកជួបជុំគ្នា ចែករំលែកបទពិសោធន៍ រៀនសូត្រពីគ្នា ទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការ ផែនការអនាគត ដោយផ្តើមពីឆ្នាំថ្មី។ រីឯចំណុចទី៣ ៖ គឺជាវេទិកាដែលពោរពេញ ដោយមនោសញ្ចេតនា នៃការទទួលភ្ញៀវ និងចែករំលែកនូវក្តីស្រឡាញ់ ដល់អ្នកដែលទទួលទានតែ ព្រោះជាភេសជ្ជៈ ដែលទទួលទានបានច្រើន និងផ្តល់ផាសុខភាពដល់អ្នកទទួលទាន។
«អត្ថប្រយោជន៍ទឹកតែ ផ្តល់សុខភាពរាងកាយបំពេញជាតិទឹក និងមានសារធាតុជំនួយដល់ការរំលាយអាហារ, ទី២៖ បង្កើនសម្រស់ដល់ស្បែក និងទី៣៖ បន្ថែមអារម្មណ៍ស្រស់ថ្លាទាំងមុន ក្នុង និងក្រោយពេលទទួលទាន»
លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ដែរថា «ពិធីចាក់ទឹកតែ ក្នុងអំឡុងបុណ្យចូលឆ្នាំចិន ជាការល្អ ព្រោះជាប្រពៃណីទំនៀមទម្លាប់របស់ជនជាតិចិន បម្រើទឹកតែជូនចាស់ទុំ ជាសញ្ញាបង្ហាញពីការគោរព តំណាងឲ្យនិម្មិតរូបនៃការដឹងគុណ ហើយចាស់ៗ ជូនពរដល់ក្មេងៗ វិញដែរ តំបន់ខ្លះ ជាការសុំសំណាងល្អ និយមញុំាទឹកតែបង្ហាញពីសិរី សួស្តី ក្នុងសុភមង្គល ក្នុងក្រុមគ្រួសារ»
លោកស្រីយល់ឃើញថា ក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខ ភេសជ្ជៈទឹកតែ អាចជាជម្រើសជួបជុំគ្នា ជំនួសឲ្យការទទួលទានគ្រឿងស្រវឹង ដើម្បីសុខភាព និងបញ្ចៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
«ញុំាគ្រឿងស្រវឹង នាំឲ្យបើកបរមានគ្រោះថ្នាក់ ជំនួសដោយទទួលទានតែ គឺជាល្អប្រសើរបំផុត ក្នុងពិធីបុណ្យចូលឆ្នាំចិន»
ជាមួយគ្នានេះ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី ដែលបានចូលរួមពិធីទទួលទានទឹកតែ នៅក្នុងកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំចិន ជាមួយនឹងបណ្ឌិត ជា មុនីឫទ្ធិ នៅខេត្តតែកែវ នាពេលនោះ បានប្រាប់ថា «ការហូបតែក្នុងពិធីបុណ្យចូលឆ្នាំចិននេះ គឺជាការជួបជុំជជែក សួរនាំគ្នា ពាក់ព័ន្ធនឹងការរស់នៅប្រចាំថ្ងៃ សុខភាព ហើយការពិសារ តែគឺធ្វើឲ្យមានសុខភាពល្អ ហើយរឹតចំណងសាមគ្គីភាព រវាងគ្រួសារនីមួយៗ»។
ជុំវិញការរៀបចំកម្មវិធីផ្លាស់ប្តូរនេះ ត្រូវបានលោក អភិបាលស្រុកចាត់ទុកថា ជាការល្អ លើកស្ទួយវប្បធម៌ រវាងគ្នានិងគ្នា ថែមទាំងជំរុញសេដ្ឋកិច្ច ដែលផ្តោតសំខាន់លើការលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅមូលដ្ឋាន។ គួរបញ្ជាក់ថា ភូមិតានន គឺជាភូមិគំរូកាត់បន្ថយភាពក្រីក្រកម្ពុជា-ចិន នៅក្នុងនោះ ទទួលបានជំនួយពីភាគីចិន លើកការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាបន្តបន្ទាប់៕