ព័ត៌មានជាតិ

ចាប់តាំងពីឆ្នាំ២០០៦ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល បានរំដោះផ្ទៃដីមីន ៣៨៤ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលជាង ១,២លាននាក់

ភ្នំពេញ ៖ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៤ ហើយចាប់តាំងពីឆ្នាំ២០០៦ គម្រោងបានរំដោះផ្ទៃដី មានមីនចំនួន ៣៨៤ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផល ចំនួនជាង ១,២ លាននាក់។

កិច្ចប្រជុំនេះ មានការចូលរួមពី លោក Shin YongHwa នាយកភ្នាក់ងារ KOICA ប្រចាំកម្ពុជា, លោកស្រី Kirsty Harris តំណាងស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា លោកស្រី Dana Avram លេខាទូតទី១ នៃស្ថានទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ថៃ និងឡាវ ព្រមទាំងមានការចូលរួម ពីក្រុមការងាររៀបចំផែនការ សកម្មភាពមីនខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសកិច្ចប្រជុំនេះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោក លី ធុជ បានលើកឡើងអំពីសមិទ្ធផល នៃសកម្មភាពមីន នៅកម្ពុជា ដែលចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤ កម្ពុជាបានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់ បែកចង្កោម ក្នុងទំហំផ្ទៃដី ចំនួន ៣.២៩៧ គីឡូម៉ែត្រក្រឡា ដែលផ្ទៃដីទាំងនេះត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន និងគោលបំណងសេដ្ឋកិច្ច-សង្គមដទៃទៀត។

ក្នុងនោះ សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ចាប់តាំងពីឆ្នាំ២០០៦ មក បានរំដោះផ្ទៃដីមានមីនចំនួន ៣៨៤ គីឡូម៉ែត្រក្រឡា និង មានអ្នកទទួលផលចំនួនជាង ១,២ លាននាក់ ព្រមទាំងត្រូវបានទទួលស្គាល់ ពីសហគមន៍សកម្មភាពមីនសកល ។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រប្រកបដោយសប្បុរស និងការបន្តគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត ចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា កិច្ចសង្រ្គោះជនរងគ្រោះ ការអប់រំពីមីន និងការបញ្រ្ជាបយេនឌ័រក្នុងសកម្មភាពមីននៅកម្ពុជា។

លោក ក៏បានថ្លែងអំណរគុណ ជូនចំពោះលោកស្រី Alissar Chaker ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោង បោសសម្អាតមីនដើម្បីលទ្ធផល ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អ អស់រយៈពេលជាច្រើនឆ្នាំ ។

លោកស្រី Alissar Chaker បានកោតសើរការដឹកនាំ របស់អាជ្ញាធរមីនក្នុងសកម្មភាពមីន ដោយគូសបញ្ជាក់ថាសកម្មភាពមីន ជាសកម្មភាពកសាងជីវិត របស់ប្រជាជនឡើងវិញ ហើយ UNDP ប្តេជ្ញាបន្តគាំទ្រសកម្មភាពមីននៅកម្ពុជា តាមរយៈអាជ្ញាធរមីន ។ លោកស្រីក៏បាន កោតសរសើរខ្ពស់ ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ លើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលបានលើកមុខមាត់ របស់កម្ពុជា នៅក្នុងឆាកអន្តរជាតិ ជាពិសេសនៅក្នុងវិស័យសកម្មភាពមីន ។

ជាមួយគ្នានេះ តំណាងស្ថានទូតដែលជាម្ចាស់ជំនួយ ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលសម្រេចបាន ក្នុងការអនុវត្តគម្រោង ក្រោមការដឹកនាំរបស់អាជ្ញាធរមីន និង ប្តេជ្ញាបន្តការគាំទ្រសកម្មភាពមីននៅកម្ពុជា។

To Top