មណ្ឌលគិរី ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់គោលការណ៍ណែនាំឱ្យរដ្ឋបាលខេត្តភាគឦសានមួយនេះ រួមទាំងអភិបាលខេត្តជុំវិញ ដែលអញ្ជើញចូលរួមនាឱកាសនោះ យកចិត្តទុកដាក់លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បន្ទាប់ពីក្នុងរយៈពេលចុងក្រោយនេះ ការអូសទាញឱ្យស្រ្តីខ្មែរធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ ក្រោមលេសបោកប្រាស់ថាទៅបំពេញការងារ ឬទៅរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីជាជនបរទេស ដែលទីបំផុតក្លាយជាជនរងគ្រោះពីអំពើជួញដូរមនុស្ស។
លោក ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្មីៗនេះ សមត្ថកិច្ចកម្ពុជា ទប់ស្កាត់បានទាន់ពេលវេលានៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានយុវតីខ្មែរមួយចំនួន ត្រូវបានមេខ្យល់ អូសទាញឱ្យធ្វើដំណើរទៅប្រទេសទី២ ទី៣ ដើម្បីធ្វើការ និងរៀបការជាមួយជនបរទេសដោយខុសច្បាប់។
លោកបន្ថែមទៀតថា សមត្ថកិច្ចកម្ពុជា ក៏បានរកឃើញករណីមេខ្យល់ អូសទាញយុវតីឱ្យឆ្លងដែនទៅប្រទេសទី២ ទី៣ ក្រោមលេសរៀបការជាមួយជនបរទេស តែទីបំផុតក្លាយជាទាសករក្នុងក្រុមគ្រួសារនៃជនបរទេសនោះ ទាំងការបង្ខំឱ្យមានកូនសម្រាប់គ្រួសារគេ បង្ខំឱ្យបម្រើតណ្ហាជាមួយសមាជិកគ្រួសាររបស់គេថែមទៀត ព្រមទាំងគំរាមកំហែងថានឹងបន្តលក់ទៅឱ្យជនដទៃទៀត បើមិនបានធ្វើតាមអ្វីដែលពួកគេចង់បាន ដែលនេះជាអំពើដ៏ស្មោកគ្រោក បាននិងកំពុងមានការកើនឡើង មិនថានៅក្នុងប្រទេសជុំវិញ ក្នុងតំបន់នោះទេ។
ក្នុងន័យនេះ លោក ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី រដ្ឋបាលក្រុង ស្រុក មន្ត្រីពាក់ព័ន្ធទាំងអស់ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បីឱ្យយល់ដឹងអំពីផលវិបាកនៃការប្រព្រឹត្តអំពើជួញដូរមនុស្ស ស្របពេលដែលបច្ចុប្បន្នមានមធ្យោបាយនៃការទំនាក់ទំនង អូសទាញយុវតី តាមសម័យឌីជីថលទំនើប គឺប្រព័ន្ធអនឡាញ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើឱ្យអាណាព្យាបាល ក៏ដូចជាសាច់ញាតិដែលមានសមាជិករបស់ខ្លួន ត្រូវប្រឈមទៅនឹងការអូសទាញឱ្យធ្វើការងារនៅក្រៅប្រទេស សូមផ្ដល់ការប្រឹក្សាយោបល់សួរនាំ និងទំនាក់ទំនងមកកាន់អាជ្ញាធរ ដើម្បីបញ្ជាក់អំពីអ្វីដែលជាព័ត៌មានពិតមុន និងធ្វើការសម្រេចចិត្ត។
ពាក់ព័ន្ធនឹងការទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់ លោក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី និងបណ្ដាខេត្តជាប់ព្រំដែនប្រទេសវៀតណាម បន្តសហការដឹកនាំកម្លាំងមានសមត្ថកិច្ច ទប់ស្កាត់ឱ្យបាននូវរាល់ការធ្វើដំណើរឆ្លងកាត់ព្រំដែនដោយខុសច្បាប់ទាំងធ្វើដំណើរចូល-ចេញដើម្បីទប់ស្កាត់បទល្មើសព្រំដែន និងដើម្បីទប់ស្កាត់នូវបទល្មើសដែលអាចកើតឡើងតាមរយៈអ្នកឆ្លងដែនខុសច្បាប់ដូចជាការជួញដូរអាវុធ និងគ្រឿងញៀនជាដើម។
លោក ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមន្រ្តីវរៈនគរបាលការពារព្រំដែន បន្តសកម្មភាពជាមួយកងកម្លាំងចម្រុះ នៅក្នុងកិច្ចការពារបូរណភាពទឹកដី ទប់ស្កាត់រាល់បាតុភាពទាំងឡាយ ដែលនាំឱ្យប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបូរណភាពទឹកដីរបស់កម្ពុជា៕