ភ្នំពេញ ៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសរួមរបស់ CMA និង CGCC។
ភាពជាដៃគូជាផ្លូវការនេះត្រូវបានប្រកាស នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ CGCC ស្តីពី «ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង» ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC ។ ភាពជាដៃគូយុទ្ធសាស្ត្រនេះមានគោលបំណងជំរុញដល់ការអភិវឌ្ឍគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (BFIs) និងគាំទ្រសហគ្រាសធុនមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) តាមរយៈការអភិវឌ្ឍសមត្ថភាព សេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ CMA និង CGCC នឹងធ្វើការរួមគ្នា ដើម្បីពង្រឹង និងអភិវឌ្ឍសមត្ថភាព MSMEs BFIs និងភាគីពាក់ព័ន្ធនានា ដោយ រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងធ្វើការសិក្សាស្រាវជ្រាវនានា ក្នុងគោលដៅលើកកំពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជម្រុញសេវាហិញ្ញវត្ថុឌីជីថល និងការគាំទ្រគំនិតផ្តួចផ្តើមវិស័យបៃតងនៅកម្ពុជា ។ ស្ថាប័នទាំងពីរប្តេជ្ញាចិត្ត ក្នុងការប្រើធនធានដែលខ្លួនមានដើម្បីធានាឱ្យបាននូវការអនុវត្តប្រកបដោយជោគជ័យនូវគំនិតផ្តួចផ្តើមផ្សេងៗក្នុងគោលបំណងជំរុញការរួមចំណែករបស់វិស័យហិរញ្ញវត្ថុដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស’ប្រទេសកម្ពុជា។
ឧកញ៉ា ហួត អៀងតុង តំណាង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការនេះ គឺជាជំហ៊ានដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នាទាំងធនធាន និងជំនាញ យើងអាចបង្កើតនូវប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ ដែលគាំទ្រការលូតលាស់នៃអាជីវកម្មធុនមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងចូលរួមក្នុងការអភិវឌ្ឍនៅប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព»។
លោក ណូ លីដា អគ្គនាយក CGCC បានមានប្រសាសន៍ថា «CGCC មានសេចក្តីសោមនស្សក្នុងការសហការជាមួយ CMA ដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្តល់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ CGCC និង CMA ក៏ដូចជាសមាជិករបស់ CMA នឹងមានឱកាសជាច្រើន ក្នុងការប្រើប្រាស់ការធានាឥណទាន ដើម្បីបង្កើនការផ្តល់ប្រាក់កម្ចីចាំបាច់ដល់អាជីវកម្ម ដែលមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៅកម្ពុជា»។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងមានប្រសិទ្ធភាពរយៈពេលបីឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ហើយអនុស្សរណៈនេះមានចែងអំពីក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការសម្រេចបានគោលបំណងរួមគ្នា។ ភាគីទាំងពីរ ប្តេជ្ញាធានានូវភាពសម្ងាត់នៃព័ត៌មានដែលបានចែករំលែក និងការអនុវត្តប្រកបដោយជោគជ័យនូវគំនិតផ្តួចផ្តើមដែលបានព្រមព្រៀងគ្នា៕