ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និបាត គណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទីV

រូបភាព៖ SHS MEDIA

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី បើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទីV ដែលប្រារព្ធធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្ស ប្រជាជនកម្ពុជា ។

សន្និបាតនេះបានធ្វើឡើងនៅវិមាន៧មករា រយៈពេល២ថ្ងៃ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប ។
សន្និបាតនេះ ក៏មានការចូលរួមពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់នៅក្នុងរាជរដ្ឋាភិបាល រាជធានី ខេត្ត និង ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានរាជធានី ខេត្ត ថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ដែលធ្វើឲ្យសមាសភាពដែលបានអញ្ជើញចូលរួមសរុប មានចំនួនសរុប ៣៥៥៥រូបផងដែរ។

សន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗគឺ៖
១៖ ពិនិត្យឆ្លងសេចក្តីព្រាង «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ ២០២៤ និងទិសដៅភារកិច្ចការងារឆ្នាំ ២០២៥»។
២៖ បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល មួយចំនួន។

យោងតាមរបាយការណ៍បើកសន្និបាតបានឱ្យដឹងថា ការសម្រេចបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ នៅពេលនេះ ស្របពេលមួយដែលសភាពការណ៍សកលលោកបាន និងកំពុងវិវត្តប្រែប្រួលមិនប្រាកដប្រជា ម្យ៉ាងគ្រាដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចជាបន្តបន្ទាប់នូវគោលដៅជាយុទ្ធសាស្ត្ររបស់គណបក្ស តាមរយៈការអនុវត្ត “កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨” ដែលអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាលពីថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ ២០២៣ ។

ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្តដោយរស់រវើកនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដោយសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារបានរឹងមាំសន្តិភាព ស្ថិរភាពនយោបាយ ខឿន ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី, រក្សាបានល្អប្រសើរ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម, រក្សាបានស្ថិរភាពជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិមានកំណើនក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បានដោះស្រាយបញ្ហាតំបន់ត្រីកោណ CLV- DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងបី កម្ពុជា-វៀតណាម -ឡាវ។ បានបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន និងបានធ្វើឲ្យបរាជ័យរាល់ ឧបាយកល
អាក្រក់របស់ក្រុមជ្រុលនិយមជាដើម ។ លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីក បានល្អនូវការងារទំនាក់ទំនងបរទេស ការងារការទូត និងដៃគូអភិវឌ្ឍន៍ ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ។

អង្គសន្និបាតនៅថ្ងៃនេះក៍ សម្តែងនូវការអបអរសាទរប្រកប ដោយមនោសញ្ចេតនារំភើបរីករាយឥតឧបមា ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលពានរង្វាន់ មេដាយសន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ និងចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានទទួលពានរង្វាន់ ភាពជាអ្នកដឹកនាំឆ្នើមលើពិភពលោក” ពីមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សន បាយនៅអាស៊ី លើកទី១២ ( ICAPP12th) នាពេលថ្មីៗកន្លងមកនេះជាមួយគ្នានេះ អង្គសន្និបាតក៍បានធ្វើការកត់សំគាល់ផងដែរ អំពីជោគជ័យជាច្រើនទៀត ដែលកម្ពុជា សម្រេចបាន ក្រោមកិច្ចសហការជួយជ្រោមជ្រែង ពីជនរួមជាតិនៅគ្រប់ទិសទី ទាំង ក្នុងនិងក្រៅប្រទេស ដែលបានចូលរួមគ្រប់មធ្យោបាយ ក្នុងការជួយកសាងការពារប្រទេស ឲ្យមានការរីកចម្រើនជាលំដាប់៕

To Top