ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់អ្នកសិក្សា និងបុគ្គលិកអប់រំ ឱ្យពាក់ម៉ាស់បានត្រឹមត្រូវពេលចេញក្រៅផ្ទះ ឬធ្វើសកម្មភាពនានាក្រៅបន្ទប់រៀន ដើម្បីចៀសវាងការស្រូបបឺតខ្យល់ពុល ឬ ធូលីមិនស្អាតដោយផ្ទាល់។
តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដើម្បីចូលរួមបង្ការហានិភ័យសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំពេលមានខ្យល់ពុលក្នុងស្រទាប់ បរិយាកាស ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសសាធារណៈ និងឯកជននៅទូទាំងប្រទេស ដូចខាងក្រោម៖
១. ត្រូវចូលរួមតាមដានព័ត៌មានការវិវត្ត នៃស្ថានភាពសន្ទស្សន៍គុណភាពខ្យល់ក្នុងស្រទាប់បរិយាកាស ដែលផ្សព្វផ្សាយដោយក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមប្រតិបត្តិតាមការណែនាំ នានាពាក់ព័ន្ធនឹងការថែទាំ និងការបង្ការហានិភ័យសុខភាពពេល ស្ថានភាពសន្ទស្សន៍គុណភាពខ្យល់ ឈានដល់កម្រិតពុល ដូចតារាងពណ៌នា “សន្ទស្សន៍គុណភាពខ្យល់” ដែលមានជូនភ្ជាប់។
២.ត្រូវក្រើនរំឭក និងលើកទឹកចិត្តដល់អ្នកសិក្សា និងបុគ្គលិកអប់រំឱ្យពាក់ម៉ាស់ ឱ្យបានត្រឹមត្រូវពេលចេញ ក្រៅផ្ទះ ឬ ធ្វើសកម្មភាពនានាក្រៅបន្ទប់រៀន ដើម្បីចៀសវាងការស្រូបបឺតខ្យល់ពុល ឬ ធូលីមិនស្អាត ដោយផ្ទាល់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព ជាពិសេសកុមារតូចៗ។
៣.ត្រូវក្រើនរំឭកដល់អ្នកសិក្សា និងបុគ្គលិកអប់រំអំពីការអនុវត្តនូវវិធានការ អនាម័យជាប់ជាប្រចាំតាម អភិក្រម “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត” ដើម្បីសុខភាពល្អ។
៤.ប្រសិនបើអ្នកណាម្នាក់មានរោគសញ្ញាផ្លូវដង្ហើម ដូចជា ពិបាកដកដង្ហើម ក្អក ហត់ សូមណែនាំប្រញាប់ ទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលនៅជិតផ្ទះ៕