ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ជនរួមជាតិ បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេច សមិទ្ធផលធំៗថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិកម្ពុជា

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងមូល សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿង លើមាគ៌ាសន្តិភាព។

តាមរយៈសេចក្ដីជូនដំណឹង ស្ដីពីលទ្ធផល នៃសន្និបាត គណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្ស្រជាជនកម្ពុជា បានឱ្យដឹងថា អង្គសន្និបាត សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ ក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និង សមាជិក សមាជិកាគណបក្ស នៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គី យ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យក អស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធី នយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបាន លទ្ធផលល្អលើគ្រប់ផ្នែក។

អង្គសន្និបាត បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែល មានការជឿជាក់ និងការគាំទ្រ យ៉ាងមុតមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជារយៈពេល ៤៦ ឆ្នាំ កន្លងមក នេះ ធ្វើឱ្យគណបក្សមានលទ្ធភាព ពេញលេញក្នុងការបម្រើជាតិ និងប្រជាជន ប្រកបដោយជោគជ័យ។

គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា «សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល សូមបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចសមិទ្ធផលធំៗថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិកម្ពុជា ឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍» ។

លើសពីនេះ អង្គសន្និបាត ប្រគល់ភារកិច្ចជូន គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល ដើម្បីដឹកនាំអនុវត្តសេចក្ដី សម្រេច នៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី ៤៥ អាណត្តិទី៥ នេះ ឱ្យទទួលបានជោគជ័យ៕

To Top