ព័ត៌មានជាតិ

គណបក្ស ប្រជាជនកម្ពុជារំពឹងថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៥ នឹងងើបឡើង៦,៣%

ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានបង្ហាញក្តីរំពឹងថា សម្រាប់ឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើង ប្រមាណជា៦,៣% ។ ការរំពឹងរបស់គណបក្ស កាន់អំណាចនេះដោយសារសំអាង ទៅលើមូលដ្ឋាន នៃការរីកចម្រើន លើវិស័យនានា របស់កម្ពុជា កាលពីឆ្នាំ២០២៤ ។

យោងតាមលទ្ធផល នៃអង្គមហាសន្និបាត របស់គណបក្ស ប្រជាជនកម្ពុជា នាថ្ងៃ២៦ មករា បានកត់សម្គាល់ប្រកប ដោយមោទនភាព ចំពោះសភាពការណ៍ទូទៅក្នុងឆ្នាំ២០២៤ ដែលធានាដល់ដំណើរ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខសាន្ត របស់ប្រជាជននៅក្រោមម្លប់ នៃសន្តិភាព ។
ជាមួយគ្នានេះអង្គសន្និបាតបានសង្កេតឃើញថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅកម្ពុជាត្រូវបានការពារយ៉ាងរឹងមាំ និងអភិវឌ្ឍន៍ឥតឈប់ឈរ ដែលបានធានា ដល់ការពង្រឹងសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការគោរពនូវសិទ្ធិសេរីភាពគ្រប់យ៉ាង របស់ប្រជាពលរដ្ឋ។

អង្គសន្និបាតបានកត់សម្គាល់ ប្រកបដោយមោទនភាព ចំពោះសមិទ្ធផល នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលបានឆ្លុះបញ្ចាំង នូវភាពធន់ នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលត្រូវប្រឈម នឹងការវិវត្តដ៏ស្មុគស្មាញ នៃសភាពការណ៍អន្តរជាតិ និង កត្តាអវិជ្ជមានជាច្រើនទៀត។ ជាក់ស្តែងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាងើបឡើង ក្នុងអត្រាកំណើន ៦,០% , អតិផរណាមានអត្រាទាប០,៨% , អត្រាប្តូរប្រាក់រៀលមានស្ថិរភាពស្ថិតក្នុងរង្វង់ ៤ ០៧១រៀល ឯទុនបម្រុងអន្តរជាតិបានកើនឡើងដល់២២ ៥១១លានដុល្លារ ដែលអាចធានាការនាំចូលបានប្រមាណ៧ខែ ក្នុងឆ្នាំ ២០២៤ ។ ជាមួយនេះ ស្ថានភាពការងារក៏មានស្ថិរភាព ។

អង្គសន្និបាតបានគូសបញ្ជាក់ថា “លើមូលដ្ឋាននេះ ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានកើនឡើង២ ៥២០ ដុល្លារ ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ ២ ៧១៣ ដុល្លារ ក្នុងឆ្នាំ២០២៤ ។ លើមូលដ្ឋានការរីកចម្រើនឆ្នាំ២០២៤ ជាមួយនឹង ការងើបឡើងវិញជាបណ្តើរៗ នៃសេដ្ឋកិច្ចសកល សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ត្រូវបានរំពឹងថា នឹងបន្តងើបក្នុងអត្រា កំណើន ៦,៣%។ ឆ្លងតាមការវិវឌ្ឍនេះ ឆ្លុះបញ្ចាំងថា សេដ្ឋកិច្ចជាតិកំពុង ត្រឡប់មករកស្ថានភាព កំណើនដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩វិញ” ។

ជាមួយនឹងការរីកចម្រើន ខាងសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានបន្តអនុវត្តយ៉ាងសកម្មនូវ “ក្របខណ្ឌគោល នយោបាយជាតិ គាំពារសង្គម ឆ្នាំ ២០១៦-២០២៥” រួមទាំងកម្មវិធីគោល នយោបាយជាអាទិភាពទាំង៦ ដែលបានផ្តល់ផលវិជ្ជមាន ដល់ការរក្សាស្ថិរភាពជីវភាព និងការពង្រឹងសុខុមាលភាពប្រជាជន ការបណ្តុះបណ្តាល មុខជំនាញ និង ដោះស្រាយ ការងារធ្វើ ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសការបង្កើនកិច្ចគាំពារ សង្គមដល់ប្រជាជនក្រីក្រ និងងាយរងហានិភ័យ។ បច្ចុប្បន្ន វិសាលភាពនៃការគ្របដណ្តប់ របស់ប្រព័ន្ធគាំពារសង្គម បានរីកធំជាងមុន២ដង បើធៀបនឹងឆ្នាំ ២០១៧ ដោយបានគ្របដណ្តប់ពលរដ្ឋជាង៧លាននាក់ ។ ប្រាក់បៀវត្សរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និវត្តជន និងអតីតយុទ្ធជនត្រូវបានដំឡើងមួយកម្រិតទៀត ។ ព្រមជាមួយនេះ ជីវភាពរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក៏បានលើកកម្ពស់ជាលំដាប់ តាមរយៈការពង្រឹង លក្ខខណ្ឌការងារ ការពង្រឹងរបប សន្តិសុខសង្គម និងការដំឡើង ប្រាក់ឈ្នួល អប្បបរមាដល់ ២០៨ ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៥នេះ បើបូកសរុបទាំង អត្ថប្រយោជន៍ផ្សេងៗទៀត កម្មករនិយោជិតអាចទទួល បានប្រាក់ឈ្នួល ចន្លោះពី២២៥ ដល់ ២៣៦ ដុល្លារយ៉ាងតិចក្នុង១ខែ ៕

To Top