ភ្នំពេញ ៖ លោក អូអ៊ិណូ អាត់ស៊ូហ្ស៉ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូ ដែលមកពីបណ្តាលក្រុមហ៊ុនជប៉ុន ប្រមាណជាង៥០ក្រុមហ៊ុនផ្សេងៗគ្នា មកទស្សនកិច្ច នូវវឌ្ឍនភាពនៃការសាងសង់ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកអគ្គរាជទូតជប៉ុន និងគណៈប្រតិភូ មានអង្គការ ចាយកា (JICA) និងក្រុមហ៊ុនមកពីជប៉ុនចំនួន ៥៨ក្រុមហ៊ុន បានបង្ហាញ នូវការចាប់អារម្មណ៍ច្រើន ចំពោះដំណើរការនៃការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមទ្ធិផលដ៏ធំធេងរបស់កម្ពុជា នេះបើតាមការបញ្ជាក់របស់លោក ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ។
ក្នុងនោះ លោក ឆារស៍ វ៉ាន់ បានគូសបញ្ជាក់ នូវការប្តេជ្ញាចិត្ត របស់លោកឯកអគ្គរាជទូតថា រដ្ឋាភិបាលជប៉ុន បានសន្យាថា នឹងបន្តធ្វើការជាមួយក្រុមហ៊ុន អាកាសចរណ៍នៅជប៉ុន ដើម្បីលើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់ រវាងកម្ពុជា-ជប៉ុន នៅថ្ងៃអនាគតខាងមុខ ។
លោកនាយកគ្រប់គ្រង ឆារស៍ វ៉ាន់ បានបញ្ជាក់ថា ជាលទ្ធផលក្រោយ ពីបានពិនិត្យដោយផ្ទាល់ នៅព្រលានយន្តហោះថ្មីនៅថ្ងៃនេះ ក្រុមហ៊ុនទាំងអស់ របស់ជប៉ុន និង គណៈប្រតិភូជប៉ុនផ្សេងទៀត បានបង្ហាញអារម្មណ៍រំភើបសប្បាយចិត្តយ៉ាងខ្លាំង និងមិននឹកស្មានថា ប្រទេសកម្ពុជា អាចសាងសង់ព្រលាន យន្តហោះអន្តរជាតិ ខ្នាត 4F ខណៈបច្ចុប្បន្នក្រុមការងារសាងសង់សំខាន់ៗជាច្រើន បានប្រមូលផ្តុំគ្នាដើម្បីធ្វើកិច្ចការទាំងនេះ និងកិច្ចការលម្អិត ជាច្រើនផ្សេងៗទៀត ។
តាមការគូសបញ្ជាក់របស់លោក ឆារស៍ វ៉ាន់ បានឱ្យដឹងដែរថា នាពេលបច្ចុប្បន្ន ការហោះហើរត្រង់រវាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ជាមួយកម្ពុជា នៅមិនទាន់បានដំណើរការឡើងវិញ ក្រោយផ្អាកក្នុងអំឡុង ពេលការរីករាលដាលជំងឺកូវីដ១៩ ។
គួរឱ្យដឹងថា គម្រោងវិនិយោគអាកាសយានដ្ឋាន អន្តរជាតិតេជោ មានទុនវិនិយោគប្រមាណ ១ ៥០០លានដុល្លារ ពីការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា អូស៊ីអាយស៊ី (OCIC) និងរដ្ឋាភិបាលកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិតេជោ មាន៣ដំណាក់កាល ដូចជា៖ ទី១. សាងសង់រួចរាល់ នៅឆ្នាំ២០២៥ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ, ទី២. នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួល បានអ្នកដំណើរប្រមាណជា ៣០លាននាក់ ក្នុងមួយឆ្នាំ និងដំណាក់កាលទី៣ចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០លាននាក់ ក្នុងមួយឆ្នាំ៕