កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព ការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាកសិករ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំតាំងក្រសាំង លើផ្ទៃដីប្រមាណជាង ៤០០០ ហិចតា គឺមានស្ថានភាពដំណើរការដាំដុះធម្មតា ដោយសារមានការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្របដំណាំស្រូវប្រាំងគ្រប់គ្រាន់ ។


លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ បន្ទាប់ពីបានប្រមូលផលស្រូវប្រាំងដំណាក់កាលទី ១ ប្រជាកសិករយើង កំពុងតែបន្តការបង្កបង្កើនផលស្រូវប្រាំងដំណាក់កាលទី ២ យោងទៅលើស្ថានភាពការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ដោយអាជ្ញាធរខេត្ត និង អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ បានរៀបចំប្រព័ន្ធធារាសាស្ត្រ បូមទឹកពីទន្លេសាប ជាដំណាក់ ៗ រហូតមកដល់ភូមិសាស្ត្រក្នុងឃុំតាំងក្រសាំង ដើម្បីផ្គត់ផ្គង់ឲ្យប្រជាកសិករនៅក្នុងឃុំនេះ អាចបង្កបង្កើនផលបាន ៕
