ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ដាក់ចេញវិធានការណែនាំ ១២ចំណុច ដើម្បីពលរដ្ឋខ្មែរយល់ដឹង កាន់តែច្បាស់ពីអត្ថន័យ នៃទិវាវប្បធម៌ជាតិ

ភ្នំពេញ ៖ ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥នេះ ឱ្យបានកាន់តែទូលំទូលាយ និងផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់បានយល់ដឹង កាន់តែច្បាស់អំពីអត្ថន័យ នៃទិវានេះ ក៏ដូចជា ដើម្បីអាចឱ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយរលូន រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការណែនាំចំនួន ១២ចំណុច ។

យោងតាមសារាចរស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការណែនាំចំនួន ១២ចំណុច ដូចជា ៖

១- ពេលវេលា សម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៧ គឺត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ។

២- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវរៀបចំឯកសារពាក់ព័ន្ធ ដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយ សមិទ្ធផលការងារសំខាន់ៗ ពាក់ព័ន្ធនឹង ការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកនិង រមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរសាទរ ទិវាវប្បធម៌ជាតិ នៅមូលដ្ឋាន របស់ខ្លួន ។

៣- ក្រសួងព័ត៌មាន ត្រូវណែនាំដល់បណ្តាញសារព័ត៌មាន គ្រប់ប្រភេទរបស់រដ្ឋនិងឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវខ្លឹមសារសកម្មភាពពាក់ព័ន្ធនឹងការអបអរសាទរ ទិវាវប្បធម៌ជាតិ ។
៤- ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញនិងប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋនិងឯកជន។

៥- ក្រសួងទេសចរណ៍ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ។

៦- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត ស្ថាន អគ្គកុងស៊ុល ស្ថានកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅបរទេស និង សហគមន៍ខ្មែរ នៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធីនិងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ ទាំងនៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង /ឬតាមមធ្យោបាយផ្សេងៗទៀត។

៧- ក្រសួងធម្មការនិង សាសនាត្រូវបំផុសចលនាព្រះសង្ឃនិងគ្រប់សាសនិកឱ្យរៀបចំកម្មវិធីនិងសកម្មភាព នានាដើម្បីផ្សព្វផ្សាយ វប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ នៅតាមទីអារាម វិហារសាសនា មណ្ឌលវិបស្សនា និងទីសក្ការៈផ្សេងៗ។

៨- ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិត្រូវណែនាំទៅអង្គភាពមូលដ្ឋានដើម្បីរក្សាសន្តិសុខនិង សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៧ ឱ្យមានប្រសិទ្ធភាពនិងដោយ ស្មារតីទទួលខុសត្រូវខ្ពស់។

៩- រដ្ឋបាលរាជធានី ខេត្ត ត្រូវចូលរួមជួយ ឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអាចរៀបចំ កម្មវិធីនិងសកម្មភាពផ្សព្វផ្សាយ វប្បធម៌នៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតលើការអប់រំមហាជន ជាពិសេសយុវជន ឱ្យមានស្មារតីកាន់តែមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងរៀបចំចង បដាពាក្យស្លោកតាមទីសាធារណៈ និងការបិទគំនូរផ្សាយ វប្បធម៌នៅតាមទីតាំងសំខាន់ៗ ក្នុងដែនរដ្ឋបាលរាជធានី ខេត្តរបស់ខ្លួន ។

១០- គ្រប់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន រោងចក្រ សហគ្រាស គេហដ្ឋាន និងសហគមន៍ខ្មែរនៅបរទេស ត្រូវចូលរួមប្រារព្ធនិងអបអរសាទរទិវាវប្បធម៌ជាតិ តាមមធ្យោបាយ ផ្សេងៗដែលមានដូចជា ការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ ឬសកម្មភាពសមរម្យនានា នៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម។

១១- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបដានៅតាមអង្គភាព និងទីសាធារណៈ។

១២- អ្នកចូលរួមកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ត្រូវស្លៀកពាក់ សមរម្យតាមបែបប្រពៃណីជាតិ ៕

To Top