ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំ ពិនិត្យលើបទបង្ហាញស្តីពី វិធីសាស្រ្ត និងនីតិវិធីក្នុងការ ប្រមូលទិន្នន័យចំពោះ «សន្ទស្សន៍ប្រតិបត្តិការ ភស្តុភារកម្ម»

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមប្រឹក្សាជាតិ ភស្តុភារកម្ម(ក.ជ.ភ.) រួមជាមួយ លោកស្រី Tania Meyer នាយិកាគ្រប់គ្រងធនាគារពិភពលោក (World Bank) ប្រចាំនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សាលើ បទបង្ហាញស្តីពី វិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យចំពោះ «សន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម (Logistic Performance Index – LPI)»។

ដោយមានការចូលរួមពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិ ភស្តុភារកម្ម ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន ជាច្រើនរូបផងដែរ។

វិធីសាស្រ្ត និងនីតិវិធីក្នុងការប្រមូលទិន្នន័យ ដើម្បីកំណត់ LPI ដែលលើកយកមកធ្វើបទបង្ហាញ នាឱកាសនេះ ត្រូវបានរៀបចំចងក្រងដោយអ្នកជំនាញរបស់ធនាគារពិភពលោក ដោយចាប់ពីឆ្នាំ២០២៥នេះតទៅ យន្តការនៃការកំណត់ LPI នឹងត្រូវផ្លាស់ប្តូរថ្មី ដោយមិនមានការស្ទង់មតិ និងការកំណត់ចំណាត់ថ្នាក់បន្តទៀតឡើយ។

ការផ្លាស់ប្តូរបែបនេះ គឺត្រូវបានធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកំណត់ឱ្យបាននូវចំណុចខ្លាំង និងចំណុចខ្សោយ នៃខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងវិស័យភស្តុភារកម្ម និងកំណត់គោលដៅក្នុងការអភិវឌ្ឍឱ្យបានច្បាស់លាស់ និងសព្វជ្រុងជ្រោយ។

លោកឧបនាយករដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូល បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការធ្វើបទបង្ហាញ និងបានជជែកពិភាក្សា ព្រមទាំងលើកជាសំនួរទៅកាន់អ្នកជំនាញ នៃធនាគារពិភពលោក ដើម្បីបានធ្វើការពន្យល់បកស្រាយបន្ថែមឱ្យកាន់តែលម្អិត និងស៊ីជម្រៅ និងបានជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាល ក្នុងការកំណត់ក្របខ័ណ្ឌ និងគោលនយោបាយពាក់ព័ន្ធនានា ឱ្យស្របទៅតាមនិន្នាការនៃការកំណត់ LPI ជាសកល។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរទៅគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចសហការបន្ថែមទៀត និងបានស្នើសុំការគាំទ្រពីសំណាក់ធនាគារពិភពលោក ជុំវិញការធ្វើឱ្យប្រសើរឡើងនៃវិស័យភស្តុភារកម្មនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកស្រីនាយិកា គ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានសម្តែងនូវការតាំងចិត្តខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល សំដៅជំរុញឱ្យប្រទេសកម្ពុជា ក្លាយទៅជាមជ្ឈមណ្ឌល ភស្តុភារកម្មមួយ ដែលពោរពេញដោយសក្តានុពល និងប្រកបដោយភាពប្រកួតប្រជែង ខ្ពស់នៅក្នុងតំបន់៕

To Top