ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងអង្គការសហប្រជាជាតិ (UN) បានដឹកនាំការពិគ្រោះយោបល់ដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដូចជាបញ្ហាបំណុល ច្រើនលើសលុប ហានិភ័យហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងដីធ្លី និងកិច្ចការពារអតិថិជន។
បច្ចុប្បន្នគំនិតផ្តួចផ្តើមនេះ គឺស្ថិតក្នុងដំណាក់កាល ដែលកំពុង អនុវត្តយ៉ាងសកម្ម ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាង ១០០ ស្ថាប័ន មកពីផ្នែករាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល គ្រឹះស្ថានហិរញ្ញវត្ថុ និង ដៃគូអភិវឌ្ឍន៍ ដើម្បីពង្រឹងប្រតិបត្តិការ ផ្តល់ប្រាក់កម្ចី និងធានា នូវនិរន្តរភាពយូរអង្វែង របស់វិស័យ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងនាមជាភាគីដ៏សំខាន់មួយ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ប្តេជ្ញាសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីគាំពារប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរក្សាឱ្យបាននូវតួនាទីដ៏សំខាន់ នៃវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា «សមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា ប្តេជ្ញាធ្វើការជិតស្និត ជាមួយដៃគូរបស់យើងដើម្បីធានាឱ្យបានថា វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា នឹងនៅតែបន្តផ្តល់សេវា ដល់ពលរដ្ឋដែលមានតម្រូវការ។ យើងបានដឹង នូវបញ្ហាប្រឈមដែលអ្នកខ្ចី ប្រាក់កំពុងជួបប្រទះ ហើយយើងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីកែលម្អ ប្រតិបត្តិការផ្តល់ឥណទាន និងពង្រឹងកិច្ចគាំពារអតិថិជន ។ កិច្ចខិតខំប្រឹងប្រែងរបស់យើង មានគោលបំណងលើកកម្ពស់អតិថិជន ឱ្យអាចមានលទ្ធភាព ធ្វើការសម្រេចចិត្តប្រកប ដោយការទទួលបានព័ត៌មាន ច្បាស់លាស់ និងការការពារសិទ្ធិរបស់ពួកគាត់»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាកំពុងធ្វើកិច្ចការសំខាន់ៗមួយចំនួន រួមទាំងការពង្រឹងស្តង់ដារប្រតិបត្តិការឥណទានផងដែរ។ ក្នុងកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិ សមាគមកំពុងគាំទ្រដល់ការធ្វើកំណែទម្រង់នានា ដើម្បីធានាថា ការផ្តល់ឥណទានត្រូវបានធ្វើឡើងដោយផ្អែកលើសមត្ថភាព សងត្រលប់របស់អតិថិជន ជាជាងការពឹង ផ្អែកតែលើទ្រព្យធានា ។ វិធានការដ៏សំខាន់មួយទៀត គឺការហាមឃាត់ ការប្រើប្រាស់ដីសហគមន៍ របស់ជនជាតិដើម (ICLTs) មកធ្វើជាទ្រព្យធានា ដែលនឹងជួយការពារ សហគមន៍ងាយរង គ្រោះពីហានិភ័យ នៃការបាត់បង់ដីធ្លី។
លើសពីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងគាំទ្រការបង្កើតមជ្ឈមណ្ឌលអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ (FCC) ដែលស្ថិតក្រោមសមាគមធនាគារ នៅកម្ពុជា (ABC) ។ មជ្ឈមណ្ឌលនេះ ផ្តល់សេវាដោះស្រាយ បណ្តឹងអតិថិជន ក្នុងវិស័យហិរញ្ញវត្ថុ និងពង្រឹងកិច្ចការពារអតិថិជន ។ សមាគម ក៏កំពុងពង្រឹងកម្មវិធីអប់រំ ចំណេះដឹងហិរញ្ញវត្ថុផងដែរ ដោយផ្តោត លើស្ត្រី និងសហគមន៍ជនបទ តាមរយៈគម្រោង សុវត្ថិភាព ហិរញ្ញវត្ថុនៅសហគមន៍ ដើម្បីជួយអតិថិជន ក្នុងវិស័យ ហិរញ្ញវត្ថុឱ្យធ្វើការ សម្រេចចិត្ត ផ្នែកហិរញ្ញវត្ថុ ប្រកបដោយការយល់ដឹង ច្បាស់លាស់ ព្រមទាំងកាត់បន្ថយ ហានិភ័យ នៃការជំពាក់បំណុល ច្រើនលើសលុប ៕